សារព័ត៌មាន Reuters បានផ្សាយថា ចំហាយសេសសល់ពីព្យុះ Debby បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ New York ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ ជាប់គាំងទៅណាមិនរួចនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។
តាមក្រុមមន្ត្រីអាមេរិក មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះតាមទូកនិងឧទ្ធម្ភាគចក្រ ខណៈឥទ្ធិពលព្យុះ Debby បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង។ លោក Bill Goltz ជាប្រធានភ្នាក់ងារពន្លត់អគ្គិភ័យក្នុងទីក្រុង Westfield រដ្ឋ Pennsylvania បានឱ្យដឹងថា អាជ្ញាធរបានដឹកនាំការជួយសង្រ្គោះ៣០លើក ហើយកំពុងបន្ត ធ្វើប្រតិបត្តិការសង្រ្គោះពីផ្ទះមួយទៅផ្ទះមួយ។ លោកបន្ថែមថា មកទល់នឹងពេលនេះ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅក្នុងតំបន់របស់លោកនោះទេ ប៉ុន្តែមានមនុស្សបានបាត់ខ្លួន។
អភិបាលរដ្ឋ Pennsylvania និងរដ្ឋ New York បានចេញសេចក្ដីប្រកាសអាសន្ននិងគ្រោះមហន្តរាយ ដើម្បីសម្រួលដល់ការស្វែងរកធនធានសម្រាប់ជួយដល់តំបន់រងគ្រោះ។ ព្យុះ Debby ក៏បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់រួចហើយដែរកាលពីប៉ុន្មានថ្ងៃមុននេះ៕
ដោយ៖ ធីរីណា(រូបថត៖ vtv)