ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅទីក្រុងអាថែនជាច្រើនត្រូវជម្លៀសចេញដោយភ្លើងឆេះព្រៃ ទ្រង់ទ្រាយធំ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា អ្នករស់នៅក្នុងតំបន់ពីរនៅជិតទីក្រុងអាថែន ត្រូវបានបញ្ជាឱ្យជម្លៀសចេញកាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់បានតស៊ូប្រយុទ្ធដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ ដែលត្រូវបានជំរុញដោយខ្យល់បក់ខ្លាំង និងអាកាសធាតុក្តៅ។
នៅជិតភូមិ Varnava ដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋធានី អ្នកពន្លត់អគ្គិភ័យជាង ១៩០នាក់កំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ ដែលបានរាលដាលដល់ផ្ទះសម្បែងនៅពេលរសៀលថ្ងៃអាទិត្យ។ ពួកគេត្រូវបានគាំទ្រដោយរថយន្តពន្លត់អគ្គិភ័យចំនួន ៤០គ្រឿង យន្តហោះទម្លាក់ទឹកចំនួន១១គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៥គ្រឿង។
ក្រុមពន្លត់អគ្គិភ័យក៏បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃមួយទៀតនៅក្នុងតំបន់ព្រៃឈើមួយនៅជិតទីក្រុង Megara ភាគខាងលិចទីក្រុងអាថែនផងដែរ។
ភ្លើងឆេះព្រៃនេះ បានបង្កជាផ្សែងពណ៌ត្នោតយ៉ាងក្រាស់នៅលើផ្នែកខ្លះនៃទីក្រុងអាថែន។
តំបន់ជាច្រើនទៀតនៅទូទាំងប្រទេសក្រិកស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃអគ្គិភ័យនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។
ភ្លើងឆេះព្រៃរាប់រយកន្លែងបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិកនៅរដូវក្តៅនេះ ដែលទើបតែបានកត់ត្រាខែមិថុនា និងខែកក្កដាក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីរដូវរងាក្តៅបំផុតរបស់ប្រទេសនេះ។ ដូចនៅកន្លែងផ្សេងទៀតដែរ នៅតំបន់មេឌីទែរ៉ាណេ អ្នកវិទ្យាសាស្ត្របានភ្ជាប់អាកាសធាតុក្តៅនិងស្ងួតកាន់តែខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖