ភ្នំពេញ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤នេះថា៖ កាសែតបារាំង Le Parisien ចុះផ្សាយអត្ថបទមួយ ដោយចោទសួរថា តើ វណ្ណដា ជានរណា?
លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានថ្លែងបន្តថា ជារឿងធម្មតា, កម្ពុជាជាប្រទេសសម្បូរយុវជននិងយុវនារី (៧០%នៃប្រជាជនខ្មែរមានអាយុក្រោម៣០ឆ្នាំ)។ ម្ល៉ោះហើយ ដើម្បីព្យាករមើលអនាគតនៃប្រទេសមួយនេះ គេតែងចាប់អារម្មណ៍ជាពិសេសទៅលើ«ទំពាំងស្នងឫស្សី»។
គុណភាពនៃយុវវ័យ អាចស្តែងឡើងលើគ្រប់វិស័យ, ដូចជាចំណេះដឹងនិងជំនាញ ពិសេស ផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចហិរញ្ញវត្ថុ, ព្រមទាំងសិល្ប:ដែលជាព្រលឹងជាតិនិងដែលត្រូវតែរស់រវើក សម្បូរបែប ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ វណ្ណដាជាសិល្បករដែលមានគុណសម្បត្តិអស់ទាំងនេះ…
គួរជម្រាបថា កំពូលតារាចម្រៀង Rap របស់កម្ពុជា «Vann Da – វណ្ណដា» បង្ហាញខ្លួនលើឆាក កម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ជាមួយបទ «Time to Rise»។
នៅក្រុងប៉ារីស ប្រទេសបារាំង ទាំងជនជាតិខ្មែរ និងបរទេសលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន កំពូលតារាចម្រៀង Rap របស់កម្ពុជា «Vann Da – វណ្ណដា» បង្ហាញខ្លួនលើឆាក កម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ជាមួយបទ «Time to Rise» ចាត់ទុកថា កូនខ្មែរបង្ហាញពីសមត្ថភាពលំដាប់ពិភពលោក ។
សូមបញ្ជាក់ថា ៖ កំពូលតារាចម្រៀង Rap របស់ប្រទេសកម្ពុជា លោក វណ្ណដា ( Vann Da) នៅយប់មិញនេះ បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)។
សូមជម្រាបថា វណ្ណដា មានឈ្មោះពិតថា ម៉ាន់ វណ្ណដា កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ ១៩៩៧ លើទឹកដីខេត្តព្រះសីហនុ។ លោកជាកូនពៅក្នុងចំណោមបងប្អូនប្រុសពីរនាក់។ បងប្រុសរបស់លោកមានឈ្មោះថា ម៉ាន់ វណ្ណឌី។ បើយើងត្រឡប់ទៅអតីតកាល គ្រួសាររបស់ វណ្ណដា មានជីវភាពមិនសូវធូរធារប៉ុន្មានទេ រហូតពេលមួយលោក និងឪពុកម្ដាយត្រូវទៅសុំស្នាក់អាស្រ័យនៅវត្តមួយកន្លែង នៅក្រុងព្រះសីហនុ។ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលកំពុងពិបាក វណ្ណដា ធ្លាប់ប្រកបរបរជាអ្នកកោសដូងលក់នៅផ្សារ រហូតលោកសាក់រូបដើមដូងមួយដើមនៅលើដៃ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនឯង។
និយាយដល់ក្ដីស្រមៃកាលពីតូច គ្រប់ពេលមានអ្នកសួរថាធំឡើងចង់ធ្វើអ្វី? វណ្ណដា តែងឆ្លើយប្រាប់ថា លោកចង់ក្លាយជា «តារា» ឬ «តារារ៉េប» ប៉ុន្តែពេលនោះគ្រូ និងមិត្តភ័ក្តិមួយចំនួនបែរ សើចចំអកហើយមើលងាយទៅវិញ។ ការសើចចំអក និងការមើលងាយទាំងនោះមិនបានធ្វើឱ្យយុវជនរូបនេះទន់ជ្រាយឡើយ ផ្ទុយទៅវិញអំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធទំនុកច្រៀងនៅអំឡុងឆ្នាំ ២០០៩។
ដោយសារចិត្តប្រតិព័ទ្ធជាប់ជាមួយតន្រ្តីតាំងពីកំណើត បូករួមទាំងចំណូលចិត្តលើបទចម្រៀងបែបរ៉េបនៃចង្វាក់ហ៊ីបហប ព្រម ទាំង មានក្តីស្រមៃផងនោះ វណ្ណដា បានសម្រេចចិត្តស្ពាយមហិច្ឆតារបស់ខ្លួនចាកចេញពីទឹកដីកំណើតមករាជធានីភ្នំពេញ ដើម្បីតាមរកសុបិន ដ៏ធំនោះ ដោយមានលុយត្រឹម ១០០ដុល្លារមកជាប់ខ្លួនតែប៉ុណ្ណោះ៕
ដោយ៖ ស តារា