ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសង្គមស៊ីវិលផ្នែកសុខាភិបាលចំនួន៥ ស្វែងយល់ឱកាសសហការក្នុងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ម្សិលមុិញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កេីនការថែទាំសុខភាពបឋមនៅកម្ពុជា (Task Force for PHC-BIF) បានទទួលជួបពិភាក្សាការងារជាមួយអង្គការគណៈកម្មការសម្របសម្រួលសកម្មភាពសុខភាព (HACC) អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) អង្គការសង្គ្រោះកុមារអន្តរជាតិ (Save The Children) អង្គការរ៉ាឆា (RACHA) និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។ 

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ និងឯកឧត្តមវេជ្ជបណ្ឌិត  ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកអគ្គនាយករងបច្ចេកទេសសុខាភិបាល, មជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ, នាយករដ្ឋានផែនការ, នាយកដ្ឋានការពារសុខភាព, និងនាយកដ្ឋានមន្ទីរពេទ្យ។ 

កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បី ៖

-ស្វែងយល់អំពីទិសដៅអាទិភាពនៃការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម (Primary Health Care Booster Implementing Frameworks) ។

-ពិភាក្សាអំពីការត្រៀមរៀបចំគម្រោងសំណើថវិកាទៅដៃគូអភិវឌ្ឍន៍ លើគម្រោង Sustainable Outcomes through Primary Healthcare Integration (SOPHI) ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម។

– ស្នេីការគាំទ្រពីក្រសួងសុខាភិបាល លេីគម្រោង ស្នេីសុំថវិកាពី SOPHI សម្រាប់រួមគ្នាជំរុញការអនុវត្តការថែទាំសុខភាពបឋមនៅកម្ពុជា។

បន្ថែមលេីនេះ លោកស្រីបានជំរុញឱ្យអង្គការទាំងអស់ពិនិត្យបន្តធ្វេីអនុសារណ:យោគយល់គ្នាទៅវិញទៅមក (MoU) ឱ្យបានឆាប់  ដោយសហការណ៍ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្តដែលពាក់ព័ន្ធ ក្នុងការគាំទ្រលេីកិច្ចការសកម្មជំរុញបង្កេីនការថែទាំសុខភាពនេះ ដែលជាតម្រូវការចាំបាច់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖