ព័ត៌មានទាន់ហេតុការណ៍៖

ចឹងតើ ! សិស្សឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ ថ្នាក់ទី៦ បានប្រព្រឹត្តកំហុសចំនួន ៣លើកមកហើយនៅក្នុងថ្នាក់ ព្រោះតែខឹងលោកគ្រូដាក់កិច្ចការផ្ទះឱ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ តាមរបាយការណ៍របស់នាយកសាលាបឋមសិក្សាភូមិថ្មី បានបញ្ជាក់ថា សិស្សឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ ថ្នាក់ទី៦ បានប្រព្រឹត្តកំហុសចំនួន ៣លើកមកហើយនៅក្នុងថ្នាក់ ព្រោះតែខឹងលោកគ្រូដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន។  

តាមរបាយការណ៍របស់លោកគ្រូនាយក, លើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយសិស្សឈ្មោះ រី សុវណ្ណ មិនបានធ្វើនោះទេ លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែរជាថាគ្រូគាបសង្កត់។ គាត់ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមកក៏មានការសម្របសម្រួលរវាងមាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់។

រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុចំនួន១០ពាក្យ ដោយកំណត់១ពាក្យ ១ពិន្ទុ ហើយគាត់សរសេរបាន ៧ពិន្ទុស្រាប់ពេលគូចែកសន្លឹកកិច្ចការជូន សិស្សវិញសិស្សបែរជាមិនពេញចិត្ត នឹងពិន្ទុរបស់ខ្លួនហើយបោកសៀវភៅលើតុ និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។ 

លើកទី៣ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមគឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៖១០នាទីរសៀល ពេលគ្រូអញ្ជើញម្តាយរបស់គាត់មកអប់រំណែនាំស្រាប់តែសិស្សឈ្មោះ រី សុវណ្ណ បានបោកសៀវភៅ និងកាតាបចោលលើក្តារខៀន។ លុះពេលគ្រូហៅគាត់មកខាងមុខ គាត់បែរជារត់មកធាក់តុគ្រូ រួចសម្ដែងឥរិយាបថបែបហិង្សាមកលើគ្រូ។

បើតាមរបាយការណ៍ ពីការិយាល័យអប់រំ យុវជន និងកីឡា សូមគោរពចូលមក លោកអភិបាលនៃគណៈអភិបាលស្រុកជល់គិរី

បញ្ជាក់ពីករណីសិស្សថ្នាក់ទី៦ មួយរូប បានប្រើប្រាស់ឥរិយាបថ មិនសមរម្យ បែបហិង្សាមកលើគ្រូ បង្រៀន ។

ដោយលើកឡើងថា ៖ សកម្មភាពជាក់ស្តែងដែលបានកើតឡើងក្នុងបន្ទប់រៀនថ្នាក់ទី៦ (ក)។

សូមគោរពជម្រាបជូនលោក អភិបាលនៃគណៈអភិបាលស្រុកជលគិរីមេត្តាជ្រាបថា៖ សិស្សឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ឪពុកឈ្មោះ វុត រី ម្តាយឈ្មោះ ប៉ក់ ទុំ ដែលមានទីលំនៅភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សិស្ស រី សុវណ្ណ បានប្រើអាកប្បកិរិយាបែបហឹង្សា មកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ នឹងសម្តែងចរិកចង់វាយគ្រូ ។ ហេតុការណ៍នេះកើតឡើងនាពេលរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤។ អាស្រ័យដូចជម្រាបជូន ខាងលើនេះ សូមលោកអភិបាលនៃគណៈអភិបាលស្រុកមេត្តាជ្រាប ជាព័ត៌មាន និងជួយដោះស្រាយ ដោយក្តីអនុគ្រោះ ។

សូមលោកអភិបាលនៃគណៈអភិបាលស្រុកមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕

ដោយ ៖ សិលា


ចែករំលែក៖