ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាលចុះត្រួតពិនិត្យទំនិញក្នុងទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែងមន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល ដែលដឹកនាំ និងក្រោមការសម្របសម្រួលដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនJohnson &Johnson ចំនួន៣ទីតាំងឱសថស្ថាន ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះជាលទ្ធផល បានរកឃើញផលិតផល ចំនួន ១០៩៥ប្រអប់ និងត្រូវបានដកហូតដោយបញ្ជូនវត្ថុតាងទាំងនេះទៅរក្សារទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕
ដោយ៖ តារា