ខេត្តកំពង់ស្ពឺ៖ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា៖ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នឹងអាជ្ញាធរដែនដីចុះត្រួតពិនិត្យទំនិញក្នុងរថយន្តមួយគ្រឿងស្ថិតក្នុងស្រុកភ្នំស្រួច ខណៈមន្ត្រីជំនាញ បានរកឃើញពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅប្រហិតSHENGLONG និងគ្រឿងក្នុងសាច់បង្កកជាង ៦តោន ។
ប្រភពដដែលបន្តថា យោងតាមប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» កាលពីថ្ងៃទី១២ ខែសីហាម្សិលមិញនេះ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ដែលមានលោកអភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាកJMCមួយគ្រឿង ដែលដឹកជញ្ជូនគោលដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលស្ថិតនៅបណ្តោយផ្លូវល្បឿនលឿន ត្រង់ចំណុច ភូមិសំបូរ ឃុំតាំងស្យា ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកបរក្រឡាបលើផ្លូវល្បឿនលឿនក្នុងយប់ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករ បានផ្ទេរទំនិញយកទុកនៅក្នុងសាខាគយនិងរដ្ឋាករ។
បន្ទាប់មកមន្រ្តី បានចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើមុខទំនិញដូចខាងក្រោមរួមមាន៖ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្ស ប្រហិតSHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ដែលក្នុងមានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង១៩៩គីឡូក្រាម។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញថា ទំនិញគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន និងជាទំនិញមិនមានប្រភពច្បាស់លាស់ និងដោយម្ចាស់រត់ចោលអត់ព្រមចូលខ្លួនដោះស្រាយ។
ចំពោះទំនិញទាំងអស់នោះមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការដកហូតនិងកម្ទេចចោលទៅតាមនីតិវិធី ជៀសវាងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់៕
ដោយ៖ តារា