ព័ត៌មានទាន់ហេតុការណ៍៖

ការបន្តចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តកែប

ចែករំលែក៖

ខេត្តកែប ៖ បន្ទាប់ពីចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត នៅប្រឡាយ១៥ (កាណូត- អូប័រ) ស្រុកអង្គបូរី-ក្រុងដូនកែវ ខេត្តតាកែវ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានបន្តដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យ ទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅទីតាំង ឆ្នេរអង្គោល ទីរួមខេត្តកែប នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ។

ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។  

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

ដោយ ៖ សិលា


ចែករំលែក៖