ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តបាត់ដំបង សម្រេច​ចោទប្រកាន់ជនល្មើសជាក្មេងទំនើងចំនួន១៤នាក់ ពីបទ”លួចមាន ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា”​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅរសៀល​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ក្មេងទំនើងចំនួន១៤នាក់ ពីបទ “លួចមាន ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា(កាត់ផ្លាកលេខ) ប្រព្រឹត្តនៅចំណុចភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣-៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ ១០ឆ្នាំ។ ក្មេងទំនើងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី ។

ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីក្មេងទំនើងទាំងអស់នេះ បាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូទៅកាប់ម៉ូតូជនរង គ្រោះបណ្តាលឲ្យបែកក្បាលម៉ូតូ,អាវម៉ូតូ និងដកហូតផ្លាកលេខម៉ូតូរបស់ជនរងគ្រោះផងដែរ។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅតែអំពាវនាវដល់អាណាព្យាបាលទាំងអស់សូមយកចិត្តទុកដាក់ខ្ពស់ បំផុតក្នុងការអប់រំកូនចៅតាមដានសកម្មភាពរបស់កូនចៅដើម្បីធ្វើយ៉ាងណាកុំឲ្យពួកគេធ្លាក់ចូលក្នុងក្រុមក្មេងទំនើង ដែលនឹងបង្កចលាចលសង្គមតាមរយៈសកម្មភាពខុសច្បាប់នានា។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យុទ្ធនាការបង្ក្រាបក្មេងទំនើង និងការ អនុវត្តច្បាប់យ៉ាងតឹងរឹងលើករណីក្មេងទំនើងនៅតែបន្តជានិច្ចគ្មានការអត់ឱនបានឡើយដើម្បីធានាឲ្យបាននូវសណ្តាប់ ធ្នាប់សាធារណៈ សន្តិសុខសង្គមជូនប្រជាពលរដ្ឋ៕

ដោយ​៖ តារា​


ចែករំលែក៖