ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនអាជីវករចិន២ នាក់ និងខ្មែរម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីនាំចូល ចែកចាយអំបោះដេររបួសក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរសំណុំរឿងអាជីវករចិន២ នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធការនាំចូល និងចែកចាយ អំបោះដេររបួស ក្លែងក្លាយ ដើម្បីសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ ។

សូមជម្រាបថា ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ ចំនួន៣ នាក់ (ចិនពីរនាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសនាំចូល នឹងចែកចាយ អំបោះដេររបួស ម៉ាក ETHI LON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យមួយចំនួនដោយខុសច្បាប់ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និង មន្ត្រីជំនាញនៃក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើ ការចុះបង្ក្រាប កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ នៅឱសថស្ថាន៣កន្លែង ស្ថិតក្នុងសង្កាត់អូឡាំពិក និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កិច្ចបង្រ្កាបបានធ្វើឡើងរយៈពេល២ ថ្ងៃ ដោយសមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងរួមមាន ៖ 

.អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន ៤.៤៩៥ ប្រអប់ រួមនឹងសម្ភារបរិក្ខារពេទ្យ ដែលគ្មានច្បាប់អនុញ្ញាតជាច្រើនប្រភេទថែមទៀត ។

សមត្តកិច្ចបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែង ដែលសម្ភារៈជាវត្ថុតាងទាំងអស់នោះ ត្រូវបានដកហូតរក្សាទុកជាបណ្ដោះអា សន្ន ហើយបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖