ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបាត់បង់សត្វផ្សោតជំទង់ ១ក្បាល នៅក្បែរអន្លង់កាំពី នៃខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។

ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណពី៨ទៅ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជានិងពិភពលោក។

ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅនិងឧបករណ៍ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទផ្តល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕

ដោយ ៖ សិលា


ចែករំលែក៖