ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូជិះបញ្ច្រាសគ្នាបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយដោយសាររថយន្តហាយឡេនឌ័រ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូដែលជិះបញ្ច្រាសគ្នាបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣៥នាទី ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា អ្នករងរបួសមានឈ្មោះ មឿង គឹម សេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំត្រពាំងរុន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-2322 រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបររថយន្តមានឈ្មោះ លី ថា  ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ   មុខរបរ កសិករ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពដដែលបន្តថា មុនកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6634 ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុក៏បានបុកប៉ះនឹងម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-2322 ដែលបើកបញ្រ្ចាសទិសគ្នា

យ៉ាងពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់បាក់ជើងខាងឆ្វេងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ថាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖