ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូលឿនវ៉ាជែងជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាដើរលេងដោយបើកជែងលឿន ជ្រុលទៅបុកចូលរថយន្តក្រឡុកសុីម៉ងត៍ ដែលកំពុងបើកច្រាសទិសគ្នាបណ្តាលឱ្យស្លាប់២នាក់ ម្នាក់របួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ (ចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨) ចំណុចភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-2368 បើកឌុបគ្នា៣នាក់ បោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលទៅបុកចូលរថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 5A-2282 ដែលកំពុងបើកពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឱ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកយុវជនម្នាក់ជាអ្នកបើកម៉ូតូ រងរបួសធ្ងន់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងទៀតថា ជនរងគ្រោះដែលរងរបួសម្នាក់គឺទើបតែស្គាល់គ្នាជាមួយយុវជនដែលបានស្លាប់២នាក់បាន២ថ្ងៃទេ សុំរាប់គ្នាជាមិត្តភក្តិ ទើបនៅព្រឹកកើតហេតុបានជិះម៉ូតូឌុបគ្នាដើរលេង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់២នាក់តែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ជួយដឹកជនរងរបួសម្នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកសាកសពយុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖