ព័ត៌មានទាន់ហេតុការណ៍៖

Chelsea យកឈ្នះ Servette ក្នុងវគ្គ Play-off ជើងទី១ពានរង្វាន់ Conference League

ចែករំលែក៖

ការស៊ុតបាល់ប៉េណាល់ទីរបស់ Christopher Nkunku និងការស៊ុតបញ្ចូលទីរបស់ Madueke បានជួយឱ្យក្រុមលោក Enzo Maresca ទទួលបានជ័យជម្នះលើកដំបូងក្នុងនាមជាគ្រូបង្វឹក Chelsea ខណៈដែលក្រុមតោខៀវទទួលបានអត្ថប្រយោជន៍ពីរគ្រាប់ទល់នឹង Servette ក្នុងការប្រកួតវគ្គ Play-off ក្នុងពានរង្វាន់ Conference League ជើងទីមួយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ សីហានេះ។

ក្រុមតោខៀវ Chelsea ដែលផ្លាស់ប្តូរច្រើនបានជួបការលំបាកក្នុងការប្រកួតបើកឆាកគូប្រជែងស្វីសរបស់ខ្លួនរហូតដល់ Nkunku ទទួលបានបាល់ពិន័យ១១ម៉ែត្រនៅដើមតង់ទី២ នាទីទី៥០។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវគ្រូបង្វឹកជម្រើសរើស បន្ទាប់ពីក្រុមតោខៀវចាប់ផ្តើមការបរាជ័យក្នុងផ្ទះ ២-០ ដោយក្រុម Manchester City កាលពីថ្ងៃអាទិត្យ។

អតីតកីឡាកររបស់ Paris St-Germain រូបនេះបានធ្វើការអបអរដោយបានផ្លុំប៉េងប៉ោងពណ៌ខៀវនៅចំពោះមុខអ្នកគាំទ្រ Chelsea ដែលមានភាពរីករាយ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករបម្រុង Noni Madueke រកបាន១គ្រាប់ទៀតដោយក្រុមតោខៀវបន្តនាំមុខ ២-០ នៅនាទីទី៧៦ ដោយការស៊ុតបញ្ចូលទីយ៉ាងល្អពីក្នុងតំបន់ពិន័យ។

ក្នុងការប្រកួតនោះអ្នកចាំទី Filip Jorgensen និងខ្សែការពារ Tosin Adarabioyo បានបង្ហាញខ្លួនជាលើកដំបូង ខណៈដែលមានការចាប់ផ្តើមដំបូងផងដែរសម្រាប់ Kiernan Dewsbury-Hall, Guiu, Renato Veiga និង Pedro Neto ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Neto ដែលទិញពី Wolves ក្នុងតម្លៃ៥៤លានផោន បានបង្កើតនូវទម្រង់លេងល្អឡើងវិញ ហើយពេលខ្លះបានបង្ហាញពីការផ្លាស់ប្តូរល្បឿនយ៉ាងខ្លាំង មុនពេលត្រូវបានជំនួសដោយ Madueke។

Chelsea នឹងមានទំនុកចិត្តក្នុងការទទួលបានជ័យជម្នះ និងឈានទៅវគ្គចែកពូលនៃការប្រកួតពានរង្វាន់លំដាប់ទី៣ របស់ទ្វីបអឺរ៉ុប នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវសម្រាប់ជើងទី២នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖