ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា។
នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន។ នេះបើយោងតាមប្រភពពី ក្រសួងព័ត៌មាន ។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែនដែលមានគោលដៅពីរ។ ទីមួយ គឺកៀងគរថវិកាបន្ថែម និងទីពីរ ផ្តល់ឱកាសប្រជាពលរដ្ឋ ទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន»។
សម្ដេចធិបតី បន្ដថា «ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមបុព្វហេតុនេះរួមគ្នានៅក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរួមគ្នាក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង»។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩មក រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេស វៀតណាម ឡាវ និងថៃ ដែលគិតមកដល់ពេលនេះ កម្ពុជាបានកសាងផ្លូវតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមបានចម្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ កសាងផ្លូវបានជាង៦៨៥ គីឡូម៉ែត្រ លើផែនការសរុបជាង១០៦៩ គីឡូម៉ែត្រ ។ ព្រំដែន កម្ពុជា ថៃ ដែលចាប់ផ្តើមពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ យើងកសាងផ្លូវបានជាង ៤៥៥គីឡូម៉ែត្រ លើផែនការ៥០៩ គីឡូម៉ែត្រ។ ចំពោះផ្លូវព្រំដែនកម្ពុជាឡាវ ពីចន្លោះឆ្នាំ២០១៥ ដល់២០២២ យើងកសាងផ្លូវបានជាង១៧៩ គីឡូម៉ែត្រលើផែនការសរុបជាង ៣៧៧គីឡូម៉ែត្រ៕
ដោយ ៖ សិលា