ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិនៃកម្ពុជា សម្រេចបន្តគោលការណ៍ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ងាយបញ្ចេញឥណទាន និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ជម្រាបមក លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តទៅនេះហៅថា “គ្រឹះស្ថាន” ឱ្យបានជ្រាបថា ដើម្បីផ្តល់លទ្ធភាព បន្ថែមឱ្យគ្រឹះស្ថានបញ្ចេញឥណទាន សំដៅចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃ កម្ពុជា សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថាន៖

ក. បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៥ ។

ខ. បន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងគ. រៀបចំឥណទានឡើងវិញជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ស្របតាមលក្ខខណ្ឌកំណត់ក្នុងសារាចរណែនាំដោយឡែក។

គ្រឹះស្ថានត្រូវបញ្ចេញឥណទានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវ កំណើនប្រកបដោយចីរភាព និងរួមចំណែករក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថិរភាពប្រព័ន្ធធនាគារ និងប្រសិទ្ធភាពនៃការអនុវត្ត វិធានការអនុគ្រោះខាងលើ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា ជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖