ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែដើមឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា មានកំណើនប្រមាណ២២,៧% ស្មើនឹង៣,២លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ទោះជាមិនទាន់ត្រូវបានស្តារឡើងវិញទាំងស្រុងដូចមុនវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ចំនួនទេសចរមកកាន់ប្រទេសកម្ពុជា មានកំណើនវិជ្ជមានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តួលេខភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ មានកំណើនប្រមាណ២២,៧% គឺកើនដល់ ៣,២លាននាក់ ធៀបនឹង២,៦លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ភ្ញៀវទេសចរភាគច្រើន មកពីអាស៊ាន ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស ជប៉ុន អូស្រ្តាលី ឥណ្ឌា និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥២ម៉ឺននាក់ ពោលគឺកើន៣៥,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ចំណែកឯចំនួនទេសចរក្នុងស្រុកក៏មានការកើនឡើងជិត៧%ផងដែរក្នុងរយៈពេលដូចគ្នា។

សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។

សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ ៕

ដោយ ៖ សិលា


ចែករំលែក៖