ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

អញ្ជើញ និងយាងដង្ហែព្រះរាជដំណើរនាឱកាសនោះមានវត្តមានឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រធាន សមាជិក ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង  ព្រះរាជវង្សានុវង្សបានមកជួបជុំគ្នាយ៉ាងច្រើនកុះករ។ ក្នុងព្រះរាជសារកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ផ្ញើ ថ្វាយសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជូនជនរួមជាតិ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ក្នុងពេលព្រះរាជអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះករុណាជាអម្ចាស់ និងសម្តេចម៉ែ សូមទ្រង់បានប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖