ភ្នំពេញ៖ ដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាក្ដីខ្មែរ ក្រហម ៤០រូប ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៦២រូប ដែលរស់នៅក្នុងប្រទេសបារាំង ត្រូវបានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម បានប្រគល់លិខិតថ្លែងអំណរគុណសម្រាប់ការចូលរួមក្នុងដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះ និងបានជូនដំណឹងពួកគាត់អំពីលទ្ធផលនៃការជំនុំជម្រះក្ដីនៅក្នុងសំណុំ រឿង ០០២ រួមទាំងសកម្មភាពផ្សេងៗរបស់ អ.វ.ត.ក. ក្នុងកំឡុងពេលអនុវត្តមុខងារសេសសល់ផងដែរ។
ការប្រគល់លិខិតថ្លែងអំណរគុណ និងការជូនដំណឹងនេះបានប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ តាមរយៈមេធាវីដើម បណ្ដឹងរដ្ឋប្បវេណីនៃ អ.វ.ត.ក.លោកស្រី ជេត វណ្ណលី ដែលបានទៅបំពេញបេសកកម្មនៅក្នុងប្រទេសបារាំង។ បើតាមការបញ្ជាក់របស់លោកស្រីមេធាវី ចំពោះដើម បណ្ដឹងរដ្ឋប្បវេណីផ្សេងទៀតដែលមិនទាន់ត្រូវបានជូនដំណឹង ដោយសារដើមបណ្ដឹងមួយចំនួនមិនបានឆ្លើយតប ឬបានផ្លាស់ប្ដូរទីលំនៅ។
លោក ពិន យ៉ាថៃ អនិកជនខ្មែរ~បារាំង និងជាអ្នកនិពន្ធសៀវភៅ “ជីវិតកូនថ្លៃ កូនត្រូវតែរស់” ជាដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណី ៤០រូប រស់នៅក្នុងប្រទេសបារាំង បានលើកឡើងថា លោកមានការភ្ញាក់ផ្អើល និងរំភើបចិត្តនៅពេលមានតំណាងសាលាក្ដីខ្មែរក្រហមបានទាក់ទងទៅរូបលោកដើម្បីប្រគល់លិខិតថ្លែងអំណរគុណ ហើយជម្រាបអំពីការប្រព្រឹត្តទៅរបស់សាលាក្ដីខ្មែរក្រហម។
អ្នកនិពន្ធសៀវភៅ “ជីវិតកូនថ្លៃ កូនត្រូវតែរស់” រូបនេះបានបន្ដថា គាត់ធ្លាប់បានគិតថា រូបគាត់រួមនឹងដើម បណ្ដឹងរដ្ឋប្បវេណីផ្សេងទៀត អាចត្រូវបានបំភ្លេចចោលក្រោយពេលការជំនុំជម្រះក្ដីលើសំណុំរឿងរបស់ពួកគាត់ត្រូវបានបញ្ចប់។ លោក យ៉ាថៃ បន្ថែមថា លោករីករាយចំពោះលទ្ធផលនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម និងកិច្ចការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដែល អ.វ.ត.ក. បាននឹងកំពុងអនុវត្តនៅក្នុងដំណាក់កាលមុខងារសេសសល់នេះ។
លោក ពិន យ៉ាថៃ មានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តពេលបានចូលរួមនៅក្នុងសាលាក្ដីខ្មែរក្រហម យើងអត់បានកាត់ក្ដីអស់ទេ ប៉ុន្ដែសំខាន់បំផុតយើងបានកាត់ ទោសអ្នកដឹកនាំសំខាន់ៗហើយមានឱកាសបានឱ្យប្រជាជនយើងបានដឹងរឿងខ្មែរក្រហម ទាំងប្រជាជនពិភពលោកក៏បានដឹងរឿងខ្មែរក្រហមខ្លះដែរ មិនឱ្យស្ងាត់ពេកទេ។… ខ្ញុំសប្បាយចិត្តចំពោះលទ្ធផលនៃការកាត់ទោសខ្មែរក្រហម។”
លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហមបានសម្ដែងការអរគុណចំពោះដើមបណ្ដឹងរដ្ឋប្បវេណីទាំង អស់ដែលបានចូលរួមយ៉ាងក្លាហាននៅក្នុងនីតិវិធីតុលាការដើម្បីលាតត្រដាងការពិតផ្ដល់ភស្ដុតាងជូនអង្គជំនុំជម្រះសម្រាប់គាំទ្រដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះពីរបបប្រល័យពូជសាសន៍។
លោករដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរ គុណចំពោះលោក ពិន យ៉ាថៃ ដែលបានអញ្ជើញមក កាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដោយផ្ទាល់ ដើម្បីពិនិត្យមើលសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងជួបសន្ទនាជាមួយនិស្សិតកម្ពុជាប្រមាណ ៩០រូប អំពីបទ ពិសោធន៍នៃការចូលរួមនៅក្នុងដំណើរការជំនុំជម្រះក្ដីនៅ អ.វ.ត.ក. និងដំណើរជីវិតដ៏ជូរចត់របស់លោកក្នុងរបបខ្មែរក្រហម។ លោកបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយ ការផ្តល់ព័ត៌មាន និងការអប់រំយុវជនជំនាន់ក្រោយ ឱ្យបានយល់ ដឹងអំពីរបបខ្មែរក្រហម និងសារៈសំខាន់នៃការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក.ដោយធានាថា អំពើប្រល័យពូជ សាសន៍ នឹងមិនត្រូវកើតឡើងម្តងទៀតឡើយនៅក្នុងប្រទេសកម្ពុជា។
លោក ហង្ស វណ្ណៈ ប្រធានផ្នែកអង្គភាពគាំពារជនរង គ្រោះបានលើកឡើងថា “ដើមបណ្តឹងរដ្ឋប្បវេណីគឺជាភាគីមួយក្នុងចំណោមភាគី ៣ ក្នុងសំណុំរឿង ដែលពួកគាត់មានសិទ្ធិចូលរួមក្នុងនីតិវិធីតុលការដោយផ្ទាល់ និងមានសិទ្ធិទទួលបាននូវព៌តមានអំពីការវិវត្តផ្សេងៗក្នុងរឿងក្តីដែលពាក់ព័ន្ធនឹងពួកគាត់។ បច្ចុប្បន្ននីតិវិធីតុលា ការនៅ អ.វ.ត.ក.បានបិទបញ្ចាប់រួចរាល់អស់ ហើយ ដូច្នេះ អ.វ.ត.ក. ត្រូវជូនដំណឹងដល់ពួកគាត់នូវលទ្ធផលនៃការសម្រេចក្តីដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់ពួកគាត់ ហើយឆ្លៀតឪកាសនេះ យើងក៏ជម្រាបជូនគាត់នូវសកម្មភាពផ្សេងៗរបស់ អ.វ.ត.ក. ក្នុងកំឡុងពេលអនុវត្ដមុខងារដែលនៅសេសសល់ផងដែរ។”
យោងតាមលោក ហង្ស វណ្ណៈ មានដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវបានទទួលស្គាល់ក្នុងសំណុំរឿង ០០២ មានចំនួន ៣៨៦៥រូប។ ក្នុងចំណោមនោះ ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៣៣៧១រូប ត្រូវបានជូនដំណឹងរួចរាល់ ហើយចំនួន ៤៩៦រូប មិនទាន់បានជូនដំណឹង។ ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីដែលមិនទាន់ត្រូវបានជូនដំណឹងនោះ មាន ៤១២រូប ស្ថិតនៅកម្ពុជា និងចំនួន៨៤រូប ស្ថិតនៅបរទេស៕
ដោយ៖ សូរិយា