ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល កាលពីម្សិលមិញនេះបានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យ៖
– ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នក ដំណើរទាំងអស់។
– ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។
– ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់ ។
– ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox) ។
ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកតំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រមទាំងក្រុមការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់៕
ដោយ៖ តារា