ភ្នំពេញ៖ រថយន្តកុងតឺន័រធុនធំមួយគ្រឿងបេីកបរលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកនិងកិនម៉ូតូមួយគ្រឿងបណ្តាលឱ្យសិស្សសាលាចំនួន២នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះទី១,ឈ្មោះ ញ៉ឹក សុភាស់បូទី ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧រៀននៅអនុវិទ្យាល័យកំបូល មានទីលំនៅនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ទី២,ឈ្មោះ ចាប មរកត ភេទស្រី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ជាមួយគ្នា មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាក NEX ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1IN-2280 ឌុបគ្នាទៅរៀនធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បានឆ្លងផ្លូវជាតិលេខ៤ភ្លាមនោះស្រាប់តែមានរថយន្តសណ្ដោងកន្ទុយ ដឹកកុងតឺន័រធុនធំ ម៉ាក Hyundai ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-2062 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកម៉ូតូនិងកិនអូសខាងក្រោយរថយន្តបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ទាំង២នាក់ភ្លាមៗ។
បន្ទាប់ពីកេីតហេតុតៃកុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយកេីតសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនុងទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចំណែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ