ព័ត៌មានទាន់ហេតុការណ៍៖

នាព្រឹកនេះ! មនុស្ស​ ០២នាក់ស្លាប់​ និងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តដឹកទំនិញ បុកគ្នាជាមួយរថយន្តដឹកកម្មកររោងចក្រ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​រវាងរថយន្តដឹកទំនិញ បុកគ្នាជាមួយរថយន្តដឹកកម្មកររោងចក្រ​ បណ្តាលឱ្យមនុស្សស្លាប់​ ចំនួន​០២នាក់​ និងរងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ (ស្រី១៦នាក់)។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​០៥:២៥នាទីព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​ នៅចំណុចគីឡូម៉ែត្រលេខ ១២៧-១២៨​ ស្ថិតក្នុងភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។ 

យោង​តាម​ប្រភពព័ត៌មាន​ពី​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង​រវាងរថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​។ 

ក្រោយ​កេីត​ហេតុ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​ សហការជាមួយ​កម្លាំង​អធិការ​ដ្ឋាននគរបាលស្រុកកំពង់សីលា​ បានចុះទៅទីតាំងកើតហេតុ សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ និង​ជួយលើកសង្គ្រោះ​ជនរងគ្រោះ​ទៅកាន់មណ្ឌលសុខភាពកក្តវិទ​ ស្រុកកំពង់សីលា​ និងដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖