ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងការងារ៦រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល  

ចែករំលែក៖

(កូរ៉េ)៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើ ផ្នែកវិស្វកម្មសុវត្ថិភាព(Safety Engineering) នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល (Seoul National University of Science and Technology) ឬហៅកាត់ថា SEOULTECH  ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការមជ្ឃមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារ របស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ចំនួន៦រូប បានធ្វើតេស្តជាប់អាហារូបករណ៍ទៅបន្តការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល រយៈពេល ០២ឆ្នាំ គិតចាប់ពី ខែកញ្ញា ឆ្នាំ ២០២២ រហូតដល់ ខែសីហា ឆ្នាំ២០២៤។ មន្ត្រីរាជការកម្ពុជាទាំង៦រូបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើជំនាញបច្ចេកទេសដែលមានរៀបរាប់ដូចខាងក្រោម៖

១.លោក គីម បូរី,លោក លន់ សុវណ្ណដានិង លោក ខ្វាត ប៊ុនរ័ត្ន បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ អនាម័យការងារនិងសុខភាពបរិស្ថាន (Occupational Hygiene and Environmental Health)

២. កញ្ញា ជា កន្និថា បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ ដំណើការគ្រប់គ្រងសុវត្ថិភាព និងវាយតម្លៃហានិភ័យ (Process Safety and Risk Assessment)

៣. លោក គីម សៀងហៃ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ បង្ការគ្រោះមហន្តរាយ (Disaster Prevention)

៤. កញ្ញា លី ឡិចតូរ៉ាល់ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ សុវត្ថិភាពសំណង់ (Construction Safety)។

នាយកដ្ឋានពេទ្យការងារ ជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និយាមប្រតិបត្តិ គោលការណ៍ណែនាំ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដើម្បីធានាអោយបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិត ជាពិសេសវិធានការបង្ការ និងការពារគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ស្របពេលជាមួយគ្នានេះដែរ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាធារណរដ្ឋកូរ៉េ នឹងក្លាយជាធនធានមនុស្សដ៍ចាំបាច់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមចំណែកជាមួយនាយកដ្ឋានពេទ្យការងារក្នុងការរៀបចំដំណើរការ និងការប្រព្រឹត្តិទៅនៃមជ្ឈមណ្ឌលសុវត្ថិភាពនិងសុខភាពការងារ ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជាបំពាក់នូវបរិក្ខាបណ្ដុះបណ្ដាលទំនើបៗ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមបណ្ដារោងចក្រ សហគ្រាស និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពការងារជាអតិបរមា និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការអោយនៅកម្រិតអប្បបរមា ស្របតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕


ចែករំលែក៖