ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ មជ្ឈដ្ឋានក្រុមអ្នកប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បែរជាចោទប្រកាន់រាជរដ្ឋាភិបាលដោយធ្វើការបំផុសពាក្យមិនពិតមួយចំនួនជុំវិញការបង្កើតមូលនិធិនេះទៅវិញ។
ជុំវិញការចោទប្រកាន់ទាំងនេះ លោក ប៉ែន បូណា ក៏បានគូសបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កើតឡើងដោយសារបំណងប្រាថ្នា ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដែលចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន បន្ទាប់ពីក្រុមប្រឆាំងចោទប្រកាន់ទាំងបំពានថា រាជរដ្ឋាភិបាលកាត់ដី៤ខេត្តទៅឱ្យប្រទេសវៀតណាម។
លើសពីនេះ លោក ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា ការបរិច្ចាគរបស់ប្រជាពលរដ្ឋ គឺធ្វើឡើងដោយការស្ម័គ្រចិត្តទៅតាមសទ្ធាជ្រះថ្លាប្រកបដោយទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដដោយគ្មានការបង្ខិតបង្ខំមិនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះឡើយ ហើយម៉្យាងទៀត រាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍន៍ប្រទេសដូចដែលបានធ្វើកន្លងមករួចហើយ ប៉ុន្តែការបង្កើតមូលនិធិពេលនេះ គឺដោយសារតែសំណូមពររបស់ប្រជាពលរដ្ឋទើបរាជរដ្ឋាភិបាលបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមចំណែកក្នុងស្មារតីមហាសាមគ្គីជាតិ៕
ដោយ ៖ សិលា