ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបោះជំហានយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលបានតាក់តែង គោលនយោបាយដ៏រឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងការអនុម័តគម្រោងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធានប្រតិបត្តិសម្រាប់មាត្រា៦ នេះ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការជឿជាក់ថា អនុស្សរណៈដែលបានចុះហត្ថលេខាជាមួយ ប្រទេសសឹង្ហបុរី និងសាធារណរដ្ឋកូរ៉េ នាពេលខាងមុខ នឹងត្រួសត្រាយផ្លូវរបស់កម្ពុជា ក្នុងការកសាងខ្លួនក្លាយជាអ្នកដឹកនាំលើការធ្វើពាណិជ្ជកម្មកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្រោមមាត្រា៦ ដែលអាចនាំកម្ពុជា ឆ្ពោះទៅគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងចូលរួមក្នុងសកម្មភាព អាកាសធាតុសកល កាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមានមូលដ្ឋានដ៏រឹងមាំ នៅក្នុងការផ្សារភ្ជាប់ជាមួយទីផ្សារកាបូន ដោយបានបង្កើតនិងអនុវត្ដគម្រោង សម្រាប់ការធ្វើពាណិជ្ជកម្មកាបូនជាអន្ដរជាតិ តាមរយៈយន្ដការនានា មានជាអាទិ៍ យន្ដការអភិវឌ្ឍន៍ស្អាត (CDM) យន្ដការឥណទានកាបូនរួម (JCM) និងកម្មវិធីរ៉េដបូក។ 

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំផ្សព្វផ្សាយ ស្ដីពីវិធានប្រតិបត្ដិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កញ្ញា សូមី គីម តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងភ្ញៀវកិត្ដិយស ជាច្រើននាក់ នៅទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

កញ្ញា សូមី គីម បានលើកឡើងថា កន្លងមកក្រសួងបរិស្ថាន បានគាំទ្រនិងបានសហការរៀបចំវិធានប្រតិបត្ដិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានគោលដៅផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន។ កញ្ញា តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានGGGI បានបន្ថែមថា អ្នកចូលរួមក្នុងសិក្ខាសាលា នឹងបានយល់ពីដំណើរការ ដែលបានបង្កើតឡើងនិងកំពុងអនុវត្ដ នៅក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួមការធ្វើពាណិជ្ជកម្ម ដែលរួមចំណែកដល់ការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់។

យោងតាមបច្ចុប្បន្នភាពនៃផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន កម្ពុជាបានប្ដេជ្ញាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤១,៧% ស្មើនឹង ៦៤,៦ លានតោន សមមូលកាបូនក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០។ វិស័យ នីមួយៗ រួមមាន៖ វិស័យព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ វិស័យថាមពល វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសំណល់សំរាម ប្លាស្ទិក ដែលបានកំណត់នូវបញ្ហាប្រឈម និងឱកាសសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕

ដោយ ៖ សិលា


ចែករំលែក៖