ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ បន្តចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាលមកពីគ្រោះរាំងស្ងួត នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​លោក​ តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះតាមដាន និងធ្វើការវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មលើផ្ទៃដីចំនួន១ ៧៤១ហិតា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត កាលពីម្សិលមិញនេះ​ ស្ថិតនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប។ 

 លោករដ្ឋលេខាធិការ​ បានបញ្ជាក់ថា ក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មទាំងអស់ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោយប្រើគ្រប់មធ្យោបាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ 

លោករដ្ឋលេខាធិការរូបនេះ​ បានណែនាំ និងផ្តល់ជាអនុសាសន៍មួយចំនួន ដល់អជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ត្រូវធ្វើការសហការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសការគិតគូរនៅពេលខាងមុខនេះ ដោយត្រូវកែប្រែការដាំដុះដំណាំស្រូវ ទៅជាការដាំដុះពិពិធកម្មដំណាំ ឬបន្លែជាដើម ដែលមានតម្រូវការទឹកតិចជាងដំណាំស្រូវ។ 

 លោកបន្ថែមថា ចំពោះការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិឃុំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ។ 

 ជាមួយគ្នានេះ​ ក្រសួងកសិកម្ម​ បានឱ្យដឹងទៀតថា​ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ថ្មីៗនេះ​ ក៏មានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់មួយចំនួន តែក្នុងបរិមាណតិចតួច មិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ដំណាំនៅឡើយ។  

បើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នោះដំណាំស្រូវអាចស្តារឡើងវិញបានមួយចំនួនធំ ព្រោះស្ថិតក្នុងវគ្គលូតលាស់ និងស្រូវដែលស្ថិតក្នុងតំណាក់កាលកកើតកួរត្រូវទទួលរងការខូចខាត។ ក្រោយទទួលបានទឹកភ្លៀងបានមួយចំនួន ស្រូវបានចាប់ផ្តើមដុះលូតលាស់ និងប្រែពណ៌ពីក្រហមក្រៀមស្វិត មកបៃតងជាបណ្តើរៗ ដែលជាសញ្ញាបញ្ចាក់ថា ស្រូវអាចដុះឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ទិន្នផលនឹងត្រូវថយចុះ តិចឬច្រើន ដោយចៀសពុំរួច៕

ដោយ​៖ តារា​


ចែករំលែក៖