ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សត្វត្មាត គឺជាវីរជននៅក្នុងព្រៃដែលមិនសូវត្រូវបានគេដឹងឡើយ ហើយពួកវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាត។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា បរិស្ថានដូចយើងមានអ្នកជួយសម្អាតទីក្រុងរបស់យើងយ៉ាងដូច្នោះដែរ។ ដូចគ្នាទៅនឹងបុគ្គលិកអនាម័យដែលជួយសម្អាតផ្លូវក្នុងទីក្រុងរបស់យើងឱ្យនៅស្អាតនិងមានផាសុខភាពដែរ សត្វត្មាតបានជួយស៊ីសត្វដែលងាប់នៅក្នុងព្រៃ និងសម្អាតវាចេញពីបរិស្ថានបានយ៉ាងឆាប់រហ័ស ដើម្បីការពារការរីករាលដាលនៃជំងឺផ្សេងៗនៅក្នុងព្រៃ និងមកដល់មនុស្សយើង។
ក្រសួង បានបញ្ជាក់ថា សកម្មភាពសម្អាតប្រកបដោយប្រសិទ្ធភាពរបស់ពួកវា គឺមានភាពចាំបាច់ណាស់ក្នុងការរក្សារប្រព័ន្ធអេកូឡូស៊ីឱ្យនៅរឹងមាំ និងមានសុខភាពល្អ ហើយវាក៏ជួយធានានូវការកែច្នៃឡើងវិញនៃសារធាតុចិញ្ចឹម និងរក្សាតុល្យភាពក្នុងធម្មជាតិផងដែរ។ អ្នកសាកស្រមៃមើលថា បើទីក្រុងមួយគ្មានអ្នកបោសសំអាតទេនោះ តើវានឹងមានភាពវឹកវរយ៉ាងណា? វាក៏ដូចគ្នាចំពោះព្រៃដែលគ្មានសត្វត្មាតផងដែរ។
គួរជម្រាបជូនថា ក្រសួងបរិស្ថាន កាលពីព្រឹកមិញនេះ ក៏បានឱ្យដឹងដែរថា ដើម្បីចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» នាថ្ងៃទី ០៧ ខែកញ្ញា ខាងមុខនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសេចក្តីរីករាយក្នុងការចែករំលែកចំណេះដឹងប្លែកៗដ៏គួឱ្យចាប់អារម្មណ៍អំពីសត្វត្មាត ដែលបច្ចុប្បន្នជាប្រភេទសត្វជិតផុតពូជបំផុត ប៉ុន្តែនៅមានវត្តមានក្នុងប្រទេសកម្ពុជាយើងនៅឡើយ។
យើងក៏សូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមការពារសត្វត្មាតដែលជិតផុតពូជនេះ តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងការងារភិរក្ស និងការពារជម្រកធម្មជាតិរបស់ពួកវា ដើម្បីឱ្យពួកវានៅបន្តមានវត្តមានសម្រាប់នុស្សជំនាន់ក្រោយបានឃើញផងដែរ! សូមរង់ចាំតាមដានសាច់រឿងទី១អំពីសត្វត្មាតដែលយើងនឹងចេញផ្សាយនៅម៉ោង ១២ ថ្ងៃត្រង់នេះ។ សូមកុំភ្លេចចែករំលែកផងណា!
ដោយ៖តារា