ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សសាលាបឋមសិក្សាអនុវត្តន៍ចេះដាំដុះ ចេះលក់ដូរបន្លែនិងកែច្នៃសម្ភារៈដែលអាចរកកម្រៃបាន ដោយសារមាននាយិកាបង្កើតបំណិនជីវិតដល់ពួកគេ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ចេះដាំដុះបន្លែចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗដែលអាចរកកម្រៃបានដោយសារមានការបង្កើតបំណិនជីវិតពីលោកគ្រូអ្នកគ្រូដល់សិស្សានុសិស្ស។

ក្នុងសកម្មភាពនៃការដាក់តាំងលក់បន្លែរបស់របរកែច្នៃ សម្ភារៈផ្សេងៗនោះសិស្សានុសិស្សបានធ្វើឡើងនៅមុខសាលានាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤បន្ទាប់ពីពួកខ្លួនបានទទួលផលពីការដាំដុះបន្លែ និងរបស់កែច្នៃដោយដៃ ដែលមានការយកចិត្តទុកដាក់ពីនាយិកានិងលោកគ្រូ អ្នកគ្រូ។

សិស្សានុសិស្សនៅសាលាអនុវត្តន៍ បានសម្តែងនូវភាពសប្បាយរីករាយ ដោយពួកគេបានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង។

សិស្សានុសិស្សមានការសប្បាយផង រកថវិកាបានផង ហើយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគេ ហើយពួកគេយកចំណេះដឹងទាំងនេះទៅអនុវត្តនៅផ្ទះ ឬចម្ការរបស់ខ្លួនដើម្បីកាត់បន្ថយក្នុងការចំណាយ និងបន្លែគ្មានជាតិគីមីទៀតផង។ 

អាណាព្យាបាលសិស្សបានលើកឡើងថា ៖ សាលាបានរៀបចំឱ្យមានបំណិនជីវិត គឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សឲ្យពួកគេយល់ដឹងនៅតំលៃ និងពេលវេលារបស់ខ្លួន ហើយជាពិសេសគឺការដាំបន្លែគ្មានជាតិគីមី ក៏ជាសារះសំខាន់សម្រាប់គ្រួសារ និងមនុស្សទូទាំងប្រទេសយើងទាំងមូលផងដែរ។

លោកស្រី រស់ ស៊ីថា នាយិកាសាលាបឋមសិក្សាអនុវត្តន៍ បានឲ្យដឹងថា៖ សាលាបានបង្កើតឲ្យមានបំណិនជីវិត គឺគោលបំណងសម្រាប់សិស្សានុសិស្ស ឲ្យចេះដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី និងរបស់កែច្នៃសម្ភារៈផ្សេងៗដែលអាចរកកម្រៃបាន គោលបំណងសំខាន់នោះមិនត្រឹមតែឲ្យគាត់ចេះដាំបន្លែនោះទេគឺបានបង្ហាត់បង្រៀនឲ្យគាត់ចេះលក់ដូរ ក្រោយពីសម្រាក់ពីការសិក្សាអាចឈ្លាតដាំបន្លែនៅផ្ទះបានថែមទៀតផង។

ឯថវិកាដែលទទួលបានពីការលក់ដូរ ប្រគល់ជូនសិស្សានុសិស្សសម្រាប់ទិញសម្ភារៈសិក្សា និងជួយដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាត់ដែលសិក្សានៅសាលាអនុវត្តន៍នេះផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖