ភ្នំពេញ៖ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីហិង្សា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវករណីនេះ។
ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចប៉ុស្តិ៍-ខណ្ឌនិងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញបានបើកការស្រាវភ្លាមៗ ហើយក៏មានការផ្សព្វផ្សាយដឹងឮដល់ជនបង្កហេតុព្យាយាមរត់គេចរហូត។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ លីម សុខលាប ភេទស្រី នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធអំពើហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ