ខេត្តព្រៃវែង ៖ មានអាវុធពេញដៃស្ទើគ្រប់ៗគ្នាមកជេរម្រ៉ាយប្រមាថ នគរបាលដល់ក្នុងបរិវេណប៉ុស្តិ៍ ហើយ Live ចោទនគរបាលជាចោរប្លន់ៗពេញៗមាត់! សំនួរសួរថា តើសុំទោសអាចរួចខ្លួនឬអត់? ច្រើនថ្ងៃហើយ ខ្ញុំរក្សាការស្ងៀមស្ងាត់មិនតបត ប៉ុន្តែមានក្រុមមួយចំនួនគម្រាមនេះគម្រាមនោះ ខ្ញុំចង់ដឹងថា តើចង់ធ្វើដូចម្តេច? សម្រាប់រូបខ្ញុំ បើសិនជានគរបាលខុសឆ្គងដូចអ្វីគាត់ចោទ នោះនគរបាលណាក៏ដោយឱ្យតែក្រោមឱវាទខ្ញុំ នឹងទទួលទោសធ្ងន់ជាងប្រជាជន ក៏ប៉ុន្តែបើនគរបាលជាអ្នកត្រូវ នោះតម្លៃណាក៏ការពារឱ្យខាងតែបាន ។ នេះជាការលើកឡើងពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លើផេកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា ៖ ខ្ញុំនឹងបកស្រាយផ្ទាល់ លម្អិតនាពេលឆាប់ៗ… សូមអ្នកលេងបណ្តាញសង្គម បញ្ចេញសំណេរដោយភាពទទួលខុសត្រូវ កុំដល់គេតបវិញ សុំទោសសុំរួចខ្លួន ។ល។
អរគុណជម្រាបជា! ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះថា «មេត្តាចងចាំ បើប្រជាពលរដ្ឋគ្មានកំហុស នគរបាលមិនចាប់ឃាត់នោះទេ នគរបាលព្រៃវែងគឺព្រៃវែង ។ បើចោទកូូននគរបាលជាចោរប្លន់ទៅហើយ ចុះស្នងការជាអ្វីវិញទៅ? សុំទោសមិនអាចរួចខ្លួននោះទេរឿងខ្លះ! » ៕
ដោយ ៖ សុខ ខេមរា