ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកលើកដែក បដិសេធព័ត៌មានមិនពិតដែលចុះផ្សាយដោយគេហទំព័រសេរីភាព/Freedom

ចែករំលែក៖

ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកលើកដែក មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ គេហទំព័រដែលមានឈ្មោះថា សេរីភាព/Freedom បានចុះផ្សាយព័ត៌មានមិនពិតដែល មានខ្លឹមសារថា “យួនជីកប្រឡាយយកដីខ្មែរនៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល”។

រដ្ឋបាលស្រុកលើកដែក សូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា៖ ការចុះផ្សាយរបស់គេហទំព័រ ខាងលើនេះ គឺជា ព័ត៌មានប្រឌិតទាំងស្រុងដែលមានចរិតញុះញង់ និងបង្កភាពវឹកវរក្នុងសង្គម ដើម្បីបម្រើផលប្រយោជន៍ក្រុមប្រឆាំងជ្រុល និយមក្នុងគោលដៅមូលបង្កាច់ អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេបានយករូបភាព នៃការសាងសង់ ផ្លូវ៦០ម៉ែត្រកាលពីឆ្នាំ២០២០មកផ្សាយដើម្បីបំភាន់សាធារណៈជន។ តាមពិត ផ្លូវនេះតាមផែនការសាងសង់មានទទឹងខ្នង ផ្លូវខាងលើប្រវែង៦០ម៉ែត្រ និងជើងទេម្ខាងៗមានប្រវែង២០ម៉ែត្រ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែនៅក្នុងជំហានដំបូង ផ្លូវនេះ ត្រូវបានសាងសង់មានទទឹងប្រវែង២២ម៉ែត្រ និងបណ្តោយប្រវែង៧៨២៦ម៉ែត្រ ក្នុងនោះរួមមាន៖ សំណង់ស្ពានបេតុងចំនួន ពាកន្លែង និងសំណង់លូជ្រុង៤កន្លែង កាត់ទទឹងផ្លូវដែលតភ្ជាប់ពី ឃុំក្អមសំណ ស្រុកលើកដែក ទៅកាន់សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលអនុវត្តសាងសង់ដោយក្រុមការងារវិស្វកម្ម នៃក្រសួងមហាផ្ទៃ ហើយការសាងសង់ផ្លូវនេះ រហូតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ៨០%ហើយ។

សូមបញ្ជាក់ថា ផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយដែលបម្រើដល់ផលប្រយោជន៍ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងជាការតភ្ជាប់រវាងស្រុកលើកដែក និងក្រុងសំពៅពូន។ វត្តមានផ្លូវនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ស្រុកលើកដែកពីព្រោះពីមុនមកមិនដែលធ្លាប់មាន ផ្លូវតភ្ជាប់បែបនេះទេ ។ ផ្លូវ នេះទៀតសោតមិនត្រឹមតែបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏សម្រាប់ប្រជាពលរដ្ឋទូទាំង ប្រទេស ដើម្បីធ្វើដំណើរឆ្លងកាត់ផងដែរ ។

រដ្ឋបាលស្រុកលើកដែក សូមធ្វើការអំពាវនាវ ជូនដល់សាធារណៈជន ជាពិសេសបងប្អូនដែលប្រើប្រាស់ប្រព័ន្ធ បណ្តាញសង្គម សូមធ្វើការបញ្ឈប់ការចែកចាយនូវព័ត៌មានមិនពិតនេះ និងស្នើសុំឱ្យគេហទំព័រសេរីភាព/Freedomលុប ចោល នូវការចុះផ្សាយព័ត៌មានមិនពិត ខាងលើចេញពីគេហទំព័ររបស់ខ្លួន ឬធ្វើការកែតម្រូវជាបន្ទាន់ ប្រសិនបើមិន ដូច្នោះទេ យើងស្នើសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ជាធរមាន ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងមហាជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖