ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងសៀងហៃ រងការបំផ្លាញដោយខ្យល់ព្យុះទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល៧៥ឆ្នាំកន្លងមក

ចែករំលែក៖

អាជ្ញាធរក្រុងសៀងហៃបាននិយាយថា ទោះបីជាកណ្តាលនៃព្យុះទីហ្វុង Bebinca ឥឡូវនេះបានចាកចេញពីទីក្រុងភាគខាងកើតប្រទេសចិននេះក៏ដោយ ក៏តំបន់នេះកំពុងតស៊ូដើម្បីជម្នះផលវិបាកធ្ងន់ធ្ងរនៃព្យុះនេះ។
ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់សេចក្តីថ្លែងការណ៍មួយពីក្រុមសង្កេតការណ៍ឧតុនិយមកណ្តាលទីក្រុងសៀងហៃ ដែលបាននិយាយថា ព្យុះទីហ្វុង Bebinca បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ក្នុងល្បឿន 151 គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតកណ្តាលព្យុះ នៅពេលដែលវាបានបោកបក់ក្នុងទីក្រុង។ នេះគឺជាព្យុះទី13 ដែលបានវាយប្រហារប្រទេសចិនក្នុងឆ្នាំនេះ ប៉ុន្តែជាព្យុះត្រូពិចខ្លាំងបំផុតដែលបានវាយប្រហារទីក្រុងសៀងហៃក្នុងរយៈពេល 75 ឆ្នាំចុងក្រោយនេះ។
គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ១៦ ខែកញ្ញា ចំណុចកណ្តាលនៃព្យុះ Bebinca បានផ្លាស់ប្តូរទៅកាន់ទីក្រុង Kunshan ក្នុងខេត្ត Jiangsu ។ ទោះជាយ៉ាងណាក៏ដោយ គែមខាងកើតនៃព្យុះបានបន្តប៉ះពាល់ដល់ទីក្រុងសៀងហៃ ជាមួយនឹងភ្លៀងធ្លាក់ខ្សោយ និងខ្យល់បក់ខ្លាំង។ តំបន់ភាគច្រើននៅក្នុងទីក្រុងបានឃើញភ្លៀងធ្លាក់នៅពេលល្ងាច។
អាជ្ញាធរក្នុងតំបន់មិនទាន់បានចេញផ្សាយរបាយការណ៍ស្ថិតិស្តីពីការខូចខាតណាមួយនៅក្នុងទីក្រុងសៀងហៃ អំឡុងពេលគ្រោះមហន្តរាយធម្មជាតិនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយ និងចែករំលែកនៅលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញពីទឹកជំនន់នៅតំបន់មួយចំនួននៃទីក្រុង ដើមឈើបានបាក់ខ្ទេចខ្ទីដោយខ្យល់ព្យុះនៅលើផ្លូវ និងចិញ្ចើមផ្លូវ ផ្ទះមួយចំនួនបានដួលរលំឬខូចខាតផងដែរ។ កញ្ចក់បង្អួចត្រូវបានបែកខ្ទេចដោយខ្យល់ ខណៈដែលបំណែកត្រូវបានរាយប៉ាយគ្រប់ទីកន្លែង។
ដើម្បីការពារហានិភ័យ រដ្ឋាភិបាលទីក្រុងសៀងហៃក៏បានស្នើឱ្យបិទផ្លូវហាយវេទាំងអស់ចាប់ពីព្រឹកព្រលឹមថ្ងៃទី 16 ខែកញ្ញា ហើយបានលុបចោលជើងហោះហើរទាំងអស់ទៅនិងមកពីទីក្រុងនេះ។ ក្នុងពេលដំណាលគ្នានោះដែរអាជ្ញាធរបានជម្លៀសមនុស្ស 414.000 នាក់ក្នុងចំណោមអ្នកស្រុកជិត 25 លាននាក់នៃទីក្រុងទៅកាន់កន្លែងមានសុវត្ថិភាព។ បុគ្គលិកសង្គ្រោះរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យត្រៀមដាក់ពង្រាយនៅពេលចាំបាច់៕ ដោយ៖ ធីរីណា

រូបថត​៖ xinhua


ចែករំលែក៖