ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងធ្វើតេស្តមីស៊ីលប្រភេទថ្មី ក្រោមការត្រួតពិនិត្យពីមេដឹកនាំគីម ជុងអ៊ុន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដោយបំពាក់ក្បាលគ្រាប់ខ្នាតយក្ស និងមីស៊ីលគ្រូស កាលពីថ្ងៃពុធម្សិលមិញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលអំពាវនាវឱ្យពង្រឹងសមត្ថភាពអាវុធទូទៅ និងនុយក្លេអ៊ែរ។
KCNA បានស្រង់សម្ដីលោក គីម ជុងអ៊ុន ដែលបានបញ្ជាក់ថា ការធ្វើតេស្ដ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអាវុធ គឺជារឿងចាំបាច់ ពីព្រោះតែការគំរាមកំហែងធ្ងន់ធ្ងរបង្កឡើងដោយកងកម្លាំងខាងក្រៅ ចំពោះសន្តិសុខជាតិ។ កម្លាំងខាងក្រៅ ទោះលោក គីម មិនបានហៅឈ្មោះចំៗ តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ វ៉ាស៊ីនតោន។
សេចក្ដីរាយការណ៍របស់ KCNA ទំនងជាសំដៅលើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃពុធម្សិលមិញ ដែលជាការធ្វើតេស្ដមីស៊ីលជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើងក៏បានបញ្ចេញជាលើកដំបូងដែរនូវរូបភាពរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ខណៈលោក គីម អំពាវនាវឱ្យមន្ត្រីរបស់លោកប្រឹងប្រែងក្នុងកិច្ចការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។
បើតាម KCNA មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់កាលពីថ្ងៃពុធ គឺជាមីស៊ីលប្រភេទ Hwasongpho-11-Da-4.5 អាចបំពាក់ក្បាលគ្រាប់ធម្មតាខ្នាតយក្ស ទម្ងន់ ៤.៥តោន។ ការធ្វើតេស្ដដឹកនាំដោយលោក គីម ជុងអ៊ុន ក៏មានផងដែរការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធនៅលើសមរភូមិ៕ ដោយ៖ ធីរីណា

រូបថត​៖ KCNA


ចែករំលែក៖