ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបុកម៉ូតូហុងដាពីក្រោយហើយកិនពីលើ បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាលឿនបុកម៉ូតូហុងដាមួយគ្រឿងទៀតបេីកបរដោយនារីកម្មការិនីរោងចក្រម្នាក់ហេីយកិនពីលេីថែមទៀតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានកងសង្គ្រោះ៧១១ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមកាត​ ប.ស.ស នៅជាប់តាមខ្លួន នារីរងគ្រោះ មានឈ្មោះ ឡុច ច័ន្ទសុឃា ភេទស្រី អាយុ១៩ឆ្នាំ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-9487 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-4760 ជិះដោយបុរសម្នាក់ លឿនពីលិចទៅកើត ជ្រុលបុកពីក្រោយ ដួលហើយកិនពីលើដើមទ្រូងនារីរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលរូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយស្ថានភាពធ្ងន់ធ្ងរពេក សមត្ថកិច្ច ក្រុមគ្រូពេទ្យ ប្រកាសស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ដូចដែលមានភិនភាគខាងលើ សូមទៅមើល នៅមន្ទីរពេទ្យព្រះកុសុមៈ ឬទំនាក់ទំនងនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖