ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្តចេញល្បាតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបករណីក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ កម្លាំងនាយកដ្ឋាននគរនាលព្រហ្មទណ្ឌ បានចេញល្បាតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបករណីក្មេងទំនើង នៅខណ្ឌចំការមន, ខណ្ឌបឹងកេងកង, ខណ្ឌដូនពេញ និងខណ្ឌ៧មករា។

ក្នុងប្រតិបត្តិការចេញល្បាតក្នុងភូមិសាស្ដ្រខណ្ឌទាំង៥នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើប្រាស់កម្លាំងក្នុងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, ការិយាល័យអន្ដរាគមន៍, ការិយាល័យសួរចម្លើយ និងនីតិវិធី និងការិយាល័យស៉ើបការណ៍។

គួររម្លឹកថា​ លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីពេលថ្មីៗនេះ​ បានដឹកនាំប្រជុំបូកសរុបសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានវាយតម្លៃកិច្ចប្រតិបត្តិការ បង្ការ ទប់ ស្កាត់ បង្ក្រាបបទល្មើស ខែសីហា ឆ្នាំ២០២៤ ដាក់ទិសដៅការងារបន្ត។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងបរិវេនទីស្តីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីអនុប្រធាននាយកដ្ឋាន និងក្រុមការងារចុះជួយស្រាវជ្រាវ និងបង្ក្រាបបទល្មើសឧក្រិដ្ឋ ព្រមទាំងនាយការិយាល័យ ជំនាញទាំង១០។

ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ បានដាក់ទិសដៅការងារបន្តឲ្យអនុប្រធាននាយកដ្ឋាន និងក្រុមការងារជំនាញរួមជាមួយការិយាល័យទាំងអស់យកចិត្តទុកដាក់ ដូចជា៖ គ្រប់គ្រងទីតាំង និងទីកន្លែងទទួលផលចោរកម្ម, ការងារដីកា និងជំរុញការអនុវត្តដីកា ដឹកនាំធ្វើបច្ចុប្បន្នភាពដើម្បីស្នើសុំគោលការណ៍ជម្រះបញ្ជី, មុខសញ្ញាដោះលែងចេញពីពន្ធនាគារ, ពង្រឹងសមត្ថភាព នីតិវិធីកសាងសំណុំរឿង, បញ្ហាក្មេងទំនើងត្រូវធ្វើជាប្រចាំតាមដានឲ្យជាប់ (បញ្ជីគ្រប់គ្រង និងបង្ក្រាប) និងកម្លាំងប្រចាំការ ឬប្រចាំបញ្ជាត្រូវចាត់តាំងឲ្យច្បាស់អំពីការទទួល៕

ដោយ​៖ តារា​


ចែករំលែក៖