ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២ កន្លែងផ្សេងគ្នានៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង មានជនងគ្រោះឈ្មោះ មោគ ជន់ អាយុ38ឆ្នាំ ភេទប្រុស រស់នៅភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀងបានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៤ ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ពាក់ស្លាកលេខព្រៃវែង ១D-៩៩៤៥ ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច ខណៈ ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក្នុងស្ថានភាពស្រវឹងផងក៏រេចង្កូតទៅបុកដើមអាកាស្យាពេញទំហឹងបណ្ដាលអោយបោកក្បាលស្លាប់គួរអោយសង្វេគ។

ក្រោយមក សពត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យនិងកំណត់ហតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីទី២បានកើតឡើងនៅថ្ងៃទី២៣ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៦និង១៥នាទី ព្រលប់ នៅលើផ្លូវជាតិលេខ១៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (46-47) ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង មានស្ត្រីម្នាក់ ឈ្មោះ ពៅ ហឿង  អាយុ 57 ឆ្នាំ រស់នៅភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង បានដើរឆ្លងកាត់ផ្លូវពីលិចទៅកើត លុះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ- 9310 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ អ្នកបើករថយន្តឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន។

ចំណែកស្ត្រីរងគ្រោះត្រូវបងប្អូនបញ្ជូនទៅមន្ទីរពេទ្យតាមរុឺម៉កម៉ូតូបានពាក់កណ្តាលផ្លូវក៏ស្លាប់បាត់បង់ជីវិតទៅ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តជាវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីបន្តដោះស្រាយនៅពេលក្រោយ។

សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថាមូលហេតុដោយសារស្ត្រីរងគ្រោះដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទើបជួបអកុសលគ្រោះថ្នាក់ចរាចរណ៍បែបនេះ៕

ដោយ៖ សុថាន


ចែករំលែក៖