ព័ត៌មានទាន់ហេតុការណ៍៖

កត្តិសង្គហបណ្ឌិត គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងស្រុកកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម៖ កត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជេីញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកទន្លេមេគង្គ និងសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាព ក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ 

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅក្នុងស្រុកកោះសូទិននេះដែរកត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទេីបតែជម្លៀសមកទីទួលសុវត្ថិភាព និងគ្រួសារដែលប្រឈមរងគ្រោះដោយការជន់លិច ក្នុងឃុំពង្រ ស្រុកកោះសូទិន ឲ្យយកចិត្តទុកដាក់ថែរទាំសុខភាព ដោយត្រូវហូបស្អាត រសលនៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដេីម្បីជៀសឆ្ងាយពីការឆ្លងការជម្ងឺផ្សេងៗ។ កត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឲ្យអាជ្ញាធរនៅមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងចេះរាយការណ៍មកអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីត្រៀមបង្ការជួយឲ្យទាន់ពេលវេលានូវរាល់បញ្ហាប្រឈមនានា ដែលកើតឡើង ជាថាហេតុ។

បន្ទាប់មកទៀតកត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តដំណេីរចុះពិនិត្យច្រាំងទន្លេដែលប្រឈមបាក់ស្រុត នៅចំណុចផ្សារជីហែ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខណៈអាជ្ញាធរខេត្ត បានយកបេខ្សាច់ទប់ច្រាំង ទន្លេកុំឲ្យបន្តបាក់ស្រុតទៀត។ 

យោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ថា កម្ពស់ទឹកទន្លេមេគង្គកំពង់ចាមបានហក់ចូលទៅព្រែក៣៧ហេីយ និងជន់លិចផ្ទះសម្បែងពលរដ្ឋចំនួន១០៧០ខ្នងផ្ទះ ក្នុងនោះស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម និងស្រុកកោះសូទិន។ ហេីយបណ្តាលឲ្យជន់លិចផ្លូវប្រវែងសរុប១៧,៧៩៨ម៉ែត្រ, លិចស្ពានចំនួន២កន្លែង, លិចសាលារៀនចំនួន១២កន្លែង, លិចវត្តអារាមចំនួន៥ វត្ត និងលិចដីស្រូវដំណាំចំនួ១,២០៦ហិចតា។ ទឹកជំនន់ឡេីងនៅពេលនេះ បានបង្កឲ្យរងការខូចខាតពីផលប៉ះពាល់បាក់ច្រាំងទន្លេ១០ ករណី មានប្រវែង៧,៥០៣ ម៉ែត្រ និងរុះរើផ្ទះចំនួន៤ខ្នងហេីយ ជម្លៀសមនុស្ស ៧គ្រួសារ និងជម្លៀសសត្វចិញ្ចឹមចំនួន៥៣៧ ក្បាលហេីយ ក្នុងករណីលង់ទឹកស្លាប់ម្នាក់ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖