ព័ត៌មានទាន់ហេតុការណ៍៖

ករណីបុកស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឫស្សីកែវ, លោក អ៊ុក សាវុធ សម្រេចឱ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យឡើងវិញលើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖  យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ដែលសារព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានសម្រេចឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេច ឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។

សេចក្តីប្តឹងឧទ្ធរណ៍ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។

អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសារព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចប្តឹងត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចរបស់សាលក្រម ដើម្បីឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចពិចារណា ចំពោះសេចក្តីសម្រេចនេះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ឲ្យភាគីពាក់ព័ន្ធ»។

សូមជម្រាបជូនថា ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នៅក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកងឡើងពីបញ្ហានេះផងដែរដោយសម្តេច បានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យធ្វើអធិបញ្ជាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីឱ្យម្ចាស់រថយន្ត Ford Ranger ជាប់ពន្ធនាគារ៥ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះថា៖ «ត្រូវប្តឹងទៅឧទ្ធរណ៍ ខ្ញុំប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាច អធិបញ្ជារបស់ខ្លួនតាមច្បាប់ឱ្យគោលការណ៍ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ហើយឬនៅ ព្រោះបុកស្លាប់ដល់ទៅ៤នាក់ឯណោះ»។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត, ករណីនេះ ប្រសិនបើច្បាប់ចែងអស់ធ្ងន់ត្រឹម៥ឆ្នាំហើយនោះ ក្រសួងយុត្តិធម៌ ក៏ត្រូវរៀបចំវិសោធនកម្មច្បាប់ នៅពេលខាងមុខ ដើម្បីកំណត់ទោសឱ្យបានសមស្របផងដែរ។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឫស្សីកែវ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀលពីបទ «បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានប្ញស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្រោយការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ សម្រាប់តែមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននៅតាមបណ្តាញសង្គម ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការដាក់ទោសលើជនបង្ក ដែលចាត់ទុកថាមិនសមនឹងទោសប្រព្រឹត្តិនោះឡើយ។ ឆ្លើយតប នឹងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសដោយពន្យល់ថា នេះជាការដាក់ទោសដល់កម្រិតអតិបរមា ដែលច្បាប់បានកំណត់ គឺបុកគេស្លាប់ ត្រូវជាប់គុកត្រឹមប៉ុណ្ណឹង។ 

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីនេះទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្ដឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះ បានប្រកាសទោសដាក់ពន្ធនាគារ ក្នុងកម្រិតអតិបរមា នៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈោ្មះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ»។ 

សូមរំលឹកថា មានមនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះថា៖ «ត្រូវប្តឹងទៅឧទ្ធរណ៍ ខ្ញុំប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាច អធិបញ្ជារបស់ខ្លួនតាមច្បាប់ឱ្យគោលការណ៍ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ហើយឬនៅ ព្រោះបុកស្លាប់ដល់ទៅ៤នាក់ឯណោះ»។

ជាមួយនឹងការណែនាំ ឱ្យលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ឱ្យរៀបចំឯកសារ សម្តេចបានបន្ថែមថា៖ «រឿងនេះប៉ះពាល់ច្រើនណាស់ ហើយជាគំរូ ទៅដល់អ្នកដែលបើកបរស្រវឹងផ្សេងទៀតផងដែរ»។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត, ករណីនេះ ប្រសិនបើច្បាប់ចែងអស់ធ្ងន់ត្រឹម៥ឆ្នាំហើយនោះ ក្រសួងយុត្តិធម៌ ក៏ត្រូវរៀបចំវិសោធនកម្មច្បាប់ នៅពេលខាងមុខ ដើម្បីកំណត់ទោសឱ្យបានសមស្របផងដែរ។

សម្តេចបានថ្លែងថា៖ «បើច្បាប់កំណត់ យើងមិនអាចធ្វើអ្វីឱ្យលើសពីដែនកំណត់នៃច្បាប់ដែលមានជាធរមានបានទេ ប៉ុន្តែយើងត្រូវពិនិត្យមើល បើសិនជាទម្ងន់នេះដាក់អស់ហើយ យើងត្រូវតែពិនិត្យមើល ដើម្បីធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទៅថ្ងៃក្រោយ»។

សម្តេចបានបន្តថា រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្រវឹងនេះ បើចង់អនុវត្តទប់ស្កាត់ គឺត្រូវបង្កាតាមរយៈការអនុវត្តច្បាប់ឱ្យបានតឹងរឹង។ សម្តេចថ្លែងទៀតថា រដ្ឋាភិបាលមិនអាចទៅបញ្ជាតុលាការទេ ហើយតុលាការក៏មិនអាចកាត់ក្តីឱ្យលើសពីក្របខណ្ឌច្បាប់បានទេ។ ក្រសួងយុត្តិធម៌ ដែលកំពុងរៀបចំវិសោធនកម្មលើក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី គឺត្រូវតែពិនិត្យមើលការកែសម្រួលចំណុចនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖