ព័ត៌មានទាន់ហេតុការណ៍៖

Man Utd បរាជ័យក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់ ខណៈ Fernandes ទទួលបានកាតក្រហម

ចែករំលែក៖

ក្រុមមាន់ខ្នាយមាស Tottenham បានបង្កើតទម្រង់លេងដ៏ល្អមួយក្នុងការប៉ះជាមួយក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United ដែលមានកីឡាករ១០នាក់នៅ Old Trafford ដោយបានយកឈ្នះក្រុមដែលធ្លាប់តែខ្លាំងមួយនេះក្នុងលទ្ធផល ៣ទល់០ កាលពីរាត្រីថ្ងៃទី២៩ ខែកញ្ញា ដែលលទ្ធផលនេះធ្វើឲ្យសម្ពាធកាន់តែខ្លាំងជាថ្មីទៅលើអ្នកចាត់ការលោក Erik ten Hag ។

Spurs ទោះបីជាមានរបួសខ្សែប្រយុទ្ធសំខាន់ Son Heung-min ក៏ដោយ ក៏អាចយកឈ្នះ Manchester United បាន ខណៈដែលក្រុមភ្ញៀវមួយនេះបាននាំមុខក្នុងតង់ទី១ មួយគ្រាប់តាំងពីនាទីទី៣មកម្ល៉េះជាការរកបានដោយកីឡាករ Brennan Johnson។

ការបញ្ចប់ទីដ៏ល្អរបស់ Johnson ត្រូវបានកើតឡើងពីការបញ្ជូនបាល់របស់កីឡាករ Micky van de Ven ចេញពីពាក់កណ្តាលតារាង ហើយក្រុម Spurs បានបន្តបង្កើតឱកាសបន្ទាប់ ទៀតដោយការព្យាយាមស៊ុតបាល់បញ្ចូលទីរបស់ Timo Werner ប៉ុន្តែត្រូវបានអ្នកចាំទី Andre Onana របស់ United សង្គ្រោះបាល់ពីការស៊ុតនេះបាន។

នៅនាទីទី៤២ ប្រធានក្រុម Bruno Fernandes ត្រូវបានបណ្ដេញចេញពីការប្រកួត ដោយទទួលបានកាតក្រហមពីការប៉ះទង្គិចគ្នាជាមួយកីឡាករ James Maddison ហើយក្រុមរបស់លោក Ten Hag មានឱកាសការវាយលុកនៅមុខទីគូប្រកួតផងដែរ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុមភ្ញៀវ។

ទីបំផុត Spurs បានបន្តការនាំមុខគ្រាប់ទី២របស់ខ្លួននៅដើមតង់ទី២ ពេលដែលកីឡាករ Dejan Kulusevski បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អស៊ុតផុតដៃអ្នកចាំទី Onana នៅនាទីទី៤៧។ កីឡាករ Dominic Solanke បានបន្ថែមគ្រាប់បាល់ទី៣ពីការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Pape Matar Sarr ពីជ្រុង ដែលគ្រាប់បាល់ចុងក្រោយនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមបិសាចក្រហមយ៉ាងច្រើនមិនសប្បាយចិត្ត ហើយបានបន្តដើរចេញពីកីឡដ្ឋាន Old Trafford ទាំងការប្រកួតមិនទាន់ចប់នៅឡើយ។

ក្នុងការយកឈ្នះ Manchester United នេះគឺជាការឈ្នះជាលើកទី៤ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ ក្រុម Tottenham ដែលបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ចាប់តាំងពីដើមខែដំបូងនៃរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកលោក Ange Postecoglou ។

ទើបតែពីរសប្តាហ៍មុនដែល Spurs ត្រូវការការត្រឡប់មកវិញពីការផ្តួលក្រុម Coventry City ក្នុងពានរង្វាន់ League Cup ខណៈដែលសំណួរដំបូងត្រូវបានសួរអំពីអនាគតលោក Postecoglou ប៉ុន្តែការដឹកនាំ និងការទទួលបានជ័យជម្នះនេះបានធ្វើឲ្យគេជឿទុកចិត្ត និងកំពុងប្រជែងជាមួយក្រុមធំៗនៅរដូវកាលនេះ។

ដោយឡែកក្រុមបិសាចក្រហម Manchester United ការបរាជ័យនេះគឺជាការអាក្រក់បំផុតក្នុងរដូវកាលនេះ ដោយការចាប់ផ្តើមរដូវកាល ២០២៤-២០២៥នេះគឺធ្វើមិនបានល្អនោះទេ ពោលគឺ៦ប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមនេះធ្លាក់ដល់ចំណាត់ថ្នាក់លេខ១២ មានតែ៧ពិន្ទុប៉ុណ្ណោះ ចាញ់ក្រុមកំពូលតារាង Liverpool រហូតដល់៨ពិន្ទុ។ សម្រាប់៣ប្រកួតចុងក្រោយក្រុម Man Utd មិនទាន់រកឃើញជ័យជម្នះនៅឡើយទេ ដោយស្មើ២ និងចាញ់១ ហើយនៅប្រកួតបន្ទាប់ក្រុមនេះត្រូវប៉ះក្រុមម្ចាស់ផ្ទះ Porto ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ UEFA Europa League ទៀត ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖