ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តស្វាយរៀង​៖ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ម៉ូតូសណ្ដោងរ៉ឺម៉កនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ គឹម សុធារ៉ា ហៅរ័ត្នអាយុ២៨ឆ្នាំមុខរបរ រកត្រី រស់នៅភូមិតាខុង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ញឹម នី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

រីឯម៉ូតូបាត់ គឺម៉ូតូសណ្ដោងរុឺម៉ក០១គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ1BY-2545 ផលិតឆ្នាំ២០១៣ ។ 

ប្រភពបន្តថា នៅវេលាម៉ោង​១០និង១៥នាទី​ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព៌ត័មានពីម្ចាស់បន្ទប់ជួលឈ្មោះ នី កញ្ញា ថា មានអ្នកមកជួលបន្ទប់របស់ខ្លួនស្នាក់នៅរកស៊ី បានបាត់ម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿង។

ក្រោយពីទទួលបានព័ត៌មានភ្លាម បានឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញកាលពីវេលាម៉ោង៤:៥៩នាទី ទៀបភ្លឺ ពិតជាឃើញមានជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉កខាងលើប្រាកដមែន ហើយក៏មានអ្នកស្គាល់ភិនភាគជនសង្ស័យខាងលើនេះដែរ ។

ក្រោយពីទទួលបានព័ត៌មាននិងភិនភាគមុខសញ្ញានេះភ្លាម សមត្ថកិច្ចបានចុះទៅដល់បន្ទប់ជួលជនសង្ស័យខាងលើ ខណៈឃើញ ជនសង្ស័យកំពុងដោះខោអាវនិងផ្លាកលេខម៉ូតូខាងលើ ហើយក៏នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ ។ 

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរុឺម៉កខាងលើប្រាកដមែន ហើយក្រោយពីលួចបាន ខ្លួនបានជិះយកទៅក្នុងព្រៃដើមប្រេងខ្យល់ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ដើម្បីដោះរុឺម៉កចោល រីឯម៉ូតូខ្លួនបានជិះយកទៅទុកនៅបន្ទប់ជួលរបស់ខ្លួន រួចដោះខោអាវនិងស្លាកលេខម៉ូតូចេញ ដើម្បីលាងសម្អាតទុក សម្រាប់ជិះ តែខណៈពេលខ្លួនកំពុងលាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការខេត្តចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖