ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ទទួលជួបសំណេះសំណាលក្រុមប្រឹក្សានៃអាជ្ញាធរមូលដ្ឋានជប៉ុនសម្រាប់ទំនាក់ទំនងអន្តរជាតិ (J-CLAIR) ក្នុងបេសកកម្មចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍចំណេះដឹងជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ” ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលក្រុមប្រឹក្សានៃអាជ្ញាធរមូលដ្ឋានជប៉ុនសម្រាប់ទំនាក់ទំនងអន្តរជាតិ (J-CLAIR) ដែលដឹកនាំដោយ Mr. Koshio Atsushi ប្រធាននាយកដ្ឋានបុគ្គលិក និងសេវាសាធារណៈថ្នាក់ក្រោមជាតិ នៃក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ លើស្ថានភាពរួមពាក់ព័ន្ធទៅនឹងកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ ក៏ដូចជាការគ្រប់គ្រងធនធានមនុស្សជាដើម។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍចំណេះដឹងជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ” នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីចែករំលែកបទពិសោធនិងចំណេះដឹងបន្ថែមថ្មីៗ ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងមុខងារសាធារណៈ ដែលមានកម្រិតចាប់ពីអនុប្រធាននាយកដ្ឋាន រហូតដល់ អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥៕
ដោយ ៖ សិលា