ប្រទេសឥណ្ឌូនេស៊ី ៖ គួរបញ្ជាក់ផងដែរថា ICPD30 គឺជាការវាយតម្លៃទៅលើការអនុវត្តផែនការសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ ឆ្នាំ១៩៩៤នៅទីក្រុងគែរ ដែលផ្តោតទៅលើបញ្ហាប្រជាជន ជាពិសេសស្រ្តី មនុស្សចាស់ និងយុវជន។ ក្នុងន័យនេះ គណៈប្រតិភូរដ្ឋសភា លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការនៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជាជន និងការអភិវឌ្ឍ (ស.ស.ក.ប្រ.អ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ AFPPD ប្រចាំឆ្នាំ ក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមនៃសសរស្ដម្ភទាំងបី(ស្រ្តី មនុស្សចាស់ និងយុវជន) និងបញ្ហាពាក់ព័ន្ធនានា ក្នុងបរិបទ ICPD30» ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលសហការរៀបចំដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។
កិច្ចប្រជុំ AFPPD ប្រចាំឆ្នាំ២០២៤ ជាវេទិកាដែលប្រមូលផ្ដុំតំណាងសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន អ្នកជំនាញ ព្រមទាំងភាគីពាក់ព័ន្ធ មកពីបណ្ដា១៩ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចែករំលែក និងពិភាក្សាអំពីឧត្តមានុភាពសភាក្នុងការរៀបចំក្របខណ្ឌគតិយុត្តិ ការអនុវត្តគោលនយោបាយ និងកម្មវិធីផ្សេងៗដែលឆ្លើយតបនឹងសសរស្ដម្ភទាំងបីខាងលើ ទាំងក្នុងបរិបទ ICPD30 និងរបៀបវារៈឆ្នាំ២០៣០។
សន្និសីទថ្នាក់តំបន់នេះ មានប្រធានបទដែលត្រូវពិភាក្សា ចំនួន៤គឺ ៖
(១) ICPD30 និងបម្រែបម្រួលប្រជាសាស្រ្ដនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
(២) ការវិនិយោគលើយុវជន និងភាគលាភប្រជាសាស្រ្ដនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីអនុវត្តផែនការសកម្មភាព ICPD។
(៣) ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្ដីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។
និង(៤) ការឆ្លើយតបទៅនឹងភាគលាភប្រជាសាស្រ្ត និងសុខមាលភាពប្រជាជនវ័យចំណាស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ឡោក ខេង ក្នុងនាមលោកជំទាវ ជាហិរញ្ញិកនៃ AFPPD ក៏បានពិភាក្សាជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់វេទិកា AFPPD អំពីផែនការសកម្មភាព និងថវិការបស់ AFPPD សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ខាងមុខ ៕
ដោយ ៖ សិលា