ព័ត៌មានទាន់ហេតុការណ៍៖

មួយម៉ោងអុីស្រាអែលដាក់ពង្រាយយន្តហោះ 100 គ្រឿង ដើម្បីពង្រឹងការវាយប្រហារតាមអាកាសលើទីតាំង 120 កន្លែងក្នុងប្រទេសលីបង់

ចែករំលែក៖

កាលពីថ្ងៃទី 7 ខែតុលា កងទ័ពអុីស្រាអែលបាននិយាយថា ខ្លួនបានដាក់ពង្រាយយន្តហោះចម្បាំងចំនួន 100 គ្រឿងដើម្បីបង្កើនការវាយប្រហារតាមអាកាសលើទីតាំងប្រហែល 120កន្លែងនៅភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល 1 ម៉ោង។
កាសែត The Guardian បានដកស្រង់សម្តីយោធាអុីស្រាអែលថា គោលដៅនៃការវាយប្រហារតាមអាកាសទាំងនេះ គឺជាអង្គភាពរបស់កងកម្លាំង Hezbollah រួមទាំងកងកម្លាំង Radwan ដែលកំពុងប្រយុទ្ធនៅភាគខាងត្បូង កងកម្លាំងរ៉ុក្កែតនិងទីបញ្ជាការស៊ើបការណ៍។
ការវាយប្រហារតាមអាកាសខាងលើបានធ្វើឡើងបន្ទាប់ពីអុីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់ដើម្បីធ្វើឱ្យចុះខ្សោយនូវសមត្ថភាពបញ្ជា ការគ្រប់គ្រង និងកម្លាំងបាញ់របស់កងកម្លាំង Hezbollah ។
ក្រៅពីការវាយប្រហារតាមអាកាស អុីស្រាអែលក៏បានដាក់ពង្រាយកងពលរហូតដល់ទៅបី ដើម្បីចូលរួមក្នុងយុទ្ធនាការជើងគោកក្នុងប្រទេសលីបង់។ កងទ័ពអុីស្រាអែលបាននិយាយថា កងពលលេខ ៩១ ជាកម្លាំងចុងក្រោយគេដែលដាក់ពង្រាយនៅយប់ថ្ងៃទី ៧ តុលា។ វាត្រូវបានគេដឹងថាកងពលលេខ 91 ត្រូវបានចល័តទៅកាន់ភាគខាងជើងនៃប្រទេសអុីស្រាអែលកាលពីពីរសប្តាហ៍មុន ហើយនឹងចូលរួមជាមួយកងពលធំទី 36 និងទី 83 ដែលប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់។
ទោះបីជាអុីស្រាអែលបង្កើនសកម្មភាពយោធាកាន់តែខ្លាំងក៏ដោយ ក៏កងកម្លាំង Hezbollah បានបន្តបាញ់មីស៊ីលឆ្ពោះទៅកាន់ប្រទេសអុីស្រាអែលពេញមួយថ្ងៃនៅថ្ងៃទី 7 ខែតុលា។

មន្ត្រីអុីស្រាអែលបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡាហ៍ប្រហែល ១៣០ គ្រាប់ត្រូវបានបាញ់ទៅកាន់ផ្នែកកណ្តាលនៃប្រទេស។ កងទ័ពអុីស្រាអែលបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតពីរបីគ្រាប់ ខណៈគ្រាប់ផ្សេងទៀតធ្លាក់ចូលទៅក្នុងតំបន់គ្មានមនុស្ស។
នៅថ្ងៃដដែលនោះ កងកម្លាំងហាម៉ាស់នៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតជាបន្តបន្ទាប់ឆ្ពោះទៅកាន់អុីស្រាអែល ហើយបានប្រកាសថានឹងបន្តសង្គ្រាមដើម្បីធ្វើឱ្យអុីស្រាអែលចុះខ្សោយ បើទោះជាកងទ័ពអុីស្រាអែលចេញសេចក្តីថ្លែងការណ៍ជាទៀងទាត់ថាបានកម្ចាត់ក្រុមហាម៉ាស់ក៏ដោយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖