ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ បន្តផាកពិន័យយានយន្តល្មើសចំនួន ២៩៩គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៣គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៦១គ្រឿង និងម៉ូតូ ១៩៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៩គ្រឿង, រថយន្តធំ ២ គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ១៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-០៨ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,០៧៤គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥៣៦គ្រឿង, ម៉ូតូ ៥២៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៥៨គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៣៧៨គ្រឿង និងម៉ូតូ ៣៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖