ព័ត៌មានទាន់ហេតុការណ៍៖

កំណែទម្រង់នៃការប្រឡងសញ្ញាបត្របាក់ឌុប ជាកក្តាដែលធ្វើឲ្យវិស័យអប់រំ មានភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ កំណែទម្រង់នៃការប្រឡងបាក់ឌុប គឺជាកក្តាដែលធ្វើឲ្យវិស័យអប់រំ មានភាពល្អប្រសើរ ។ កំណែទម្រង់ការប្រឡងសញ្ញាបត្របាក់ឌុប ក៏ជាហេតុធ្វើឱ្យមានការកែទម្រង់វិស័យអប់រំ តាមសាលារៀន ផងដែរ ។ នេះជាការគូសបញ្ជាក់របស់លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី បានអះអាងថា ការធ្វើកំណែរទម្រង់វិស័យអប់រំ ពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនោះ មានការពិបាក រហូតរដល់មានការដាក់ទោសទណ្ឌ ចំពោះបេក្ខជន ដែលមិនគោរពបទប្បញ្ញត្តិ តែនៅឆ្នាំបន្តបន្ទាប់ គឺមានភាពល្អ ជាដើមហេតុធ្វើឲ្យមានការកែទម្រង់វិស័យអប់រំ នៅតាមសាលារៀន មានភាពល្អប្រសើរ ។ 

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្ថែមថា យើងឃើញថា នៅឆ្នាំដំបូង នៃការធ្វើកំណែទម្រង់ប្រឡងបាក់ឌុប មានកំហុសច្រើន ដោយសារតែបេក្ខជនមិនទាន់យល់ដឹង ដោយមានការនាំចូលនូវសំណៅឯកសារច្រើន ហើយក៏មានការនាំចូលឧបករណ៍អេឡិចត្រូនិច និងអ្នកប្រឡងជំនួសជាដើម ដែលនេះជាបញ្ហាធំៗយើងមើលឃើញ ។ បន្ទាប់ពីមានការដាក់ទោសទណ្ឌ ចំពោះបេក្ខជនចូលរួមប្រឡងតាមច្បាប់ប្បញត្តិនៅឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានអះអាងថា សិស្សានុសិស្ស បានខិតខំប្រឹងប្រែងរៀនសូត្រ ហើយគ្រូក៏ខិតខំក្នុងការបង្រៀន ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា អីញ្ចឹង នៅពេលដែលយើងដឹងថា បញ្ហាប្រឈម ហើយសិស្សមិនសូវចេះ ក្រសួង ក៏រៀបចំសង្ខេបនូវមេរៀនសំខាន់ៗមួយចំនួន និងមានការប្រឡងជាលើកទី២ និងមានការបង្រៀនបំប៉នដោយមានការចូលរួមសហភាពសព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធនោះ យើងឃើញថា រយៈពេល១០ឆ្នាំមកនេះ ឃើញថា មានភាពល្អ ។

លោករដ្ឋមន្ត្រី បានអះអាងថា តាមរយៈធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនេះ ធ្វើឱ្យក្រសួងយកមកអនុវត្តនៅតាមសាលារៀន ដោយសិស្ស ត្រូវខិតខំរៀន ហើយគ្រូខិតខំបង្រៀន ព្រមទាំងឱ្យសិស្សធ្វើស្វ័យសិក្សាតាមរយៈផ្នែកឌីជីថលផងដែរ ។ 

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងទៀតថា កក្តាដែលធ្វើឲ្យវិស័យអប់រំមានភាពល្អប្រសើរ មានទាំងយន្តការប្រឡងដែលទទួលយកបាន ដោយធ្វើការពង្រឹងការគ្រប់គ្រង ផ្តល់ឱ្យសិស្សរៀនបានច្រើន ក្នុងនោះ គ្រូខំប្រឹងបង្រៀន សិស្សខំប្រឹងរៀន ហើយឪពុកម្តាយ ក៏ខំប្រឹងជំរុញកូនឲ្យខិតខំរៀន ៕

ដោយ ៖ សិលា


ចែករំលែក៖