ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ ៥៧១ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិន នឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ប្រភេទអុិចស្តាស៊ី និងប្រភេទកេតាមីន សរុបទម្ងន់២ ៣៦៤,៤១ ក្រាម(ពីរពាន់ បីរយហុក សិបបួន កណ្ដកសញ្ញាសែសិបមួយ)ក្រាម មានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន៩នាក់។
ក្នុងនោះ មានខ្លួនចំនួន៨នាក់ និងរត់គេចខ្លួនចំនួន១នាក់ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ រក្សាទុក ជួញដូរ ចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន ប្រព្រឹត្តនៅខាងមុខខារ៉ាអូខេយីហោ KTV BWOW ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តាម មាត្រា ៤០ មាត្រា ៤២ មាត្រា ៤៤ មាត្រា ៤៥ និង មាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន៨នាក់ដូចខាងលើ នៅ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ២៦០៩/២៤, លេខ២៦១១/២៤,លេខ២៦១៣/ ២៤,លេខ២៦១៥/២៤,លេខ២៦១៧/២៤, លេខ២៦១៩/២៤, លេខ២៦២១/២៤ និងលេខ២៦២៣/២៤ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន ១នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ៖ តារា