ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិង កីឡា នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែតុលា ឆ្នាំ២០២៤។ មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
លោកបន្តថា ៖ ដំណើរការសំណេរទាំងពីរថ្ងៃមានភាពល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ ការចូលរួមសហការពីកងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយស្ទើរតែគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
គិតមកត្រឹមរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ (ស្រី៩១៥នាក់) ពីក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់ (ស្រី៧៤.៨៨២នាក់) ត្រូវជា១,៧៦% នៃបេក្ខជនសរុប។ ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុបចំនួន១.៩៩០នាក់ (ស្រី៧៣៨នាក់) ត្រូវជា៨២,៧១% នៃបេក្ខជនអវត្តមានសរុបទាំងមូល។ បេក្ខជនដែលមានបញ្ហាសុខភាព មានចំនួនសរុប ១៣៦ករណី ដែលក្នុងនោះបេក្ខជនមានបញ្ហាសុខភាព ហើយមិនអាចបន្តការប្រឡងបានចំនួន១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមាន២២ករណី បេក្ខជនដែលជួបគ្រោះថ្នាក់ចរាចរណ៍មាន៧ករណី។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព ដែលមិនអាចបន្តភារកិច្ចបាន មានចំនួនសរុប៤៦នាក់។ មណ្ឌលប្រឡងមួយចំនួននៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនី មួយរយៈនៅរសៀលថ្ងៃទី១នៃការប្រឡង តែបានដំណើរការវិញដោយប្រក្រតី។ មណ្ឌលជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងត្រូវផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២ ដោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានចុះអន្តរាគមន៍យ៉ាងសកម្មចំពោះបញ្ហាទឹកលិចនៅតាមមណ្ឌលប្រឡង។
បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ ឬនាំចូលទូរសព្ទក្នុងបន្ទប់ប្រឡង មានចំនួន៥ករណី។ បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង ហើយទាមទារចូលប្រឡងនៅម៉ោងបន្ទាប់មាន៣ករណី។
ដំណើរការសំណេរបានបញ្ចប់នៅម៉ោង១៦:៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។ ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh.។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្ម និងអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្របសម្រួលដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបាននូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបដោយភាពរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី ៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩.៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់៕
ដោយ ៖ សិលា