ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មន្រី្តបរិស្ថាន បញ្ជាក់ថា ពលរដ្ឋដែលកាប់រុករានដីព្រៃ នៅខេត្តស្ទឹងត្រែង បានបង់ប្រាក់ពិន័យចូលរដ្ឋតាមបញ្ជាព្រះរាជអាជ្ញា មិនមែនករណីចាប់ជំរិតទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចេញសេចក្តីបដិសេធ ។

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា៖ ការចេញផ្សាយរបស់ RFA Khmer កាលពីយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង ករណីនេះជនសង្ស័យ ចំនួន២នាក់ ដែលមាន ឈ្មោះ វែន វុទ្ធី និងឈ្មោះវ័ន ថា ភេទប្រុស ជាប់ពាក់ព័ន្ធ ទៅនិងការប្រព្រឹត្តបទល្មើស ចូលកាប់រានដីព្រៃ ក្នុងតំបន់ការពាធម្មជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអូរចម្រុះ ស្ថិតក្នុងដែនជម្រក សត្វព្រៃ-ព្រៃឡង់ ភូមិសាស្ត្រភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ជារឿងមិនពិត។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមបញ្ជាក់ជូនថា ដោយមានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង់ពិន័យអន្តរការណ៍ ទៅលើជនសង្ស័យទី១ មានឈ្មោះ វែន វុទ្ធី អាយុ៥៣ និងទី២មានឈ្មោះ វ៉ន ថា អាយុ ៤២ឆ្នាំ បង់ចូលថវិការដ្ឋ ចែងក្នុងមាត្រា៥៩ ចំណុចទី០១ “កាប់ គាស់រម្លើង កាប់រំលំ រុករានដីព្រៃ គៀវ ចងរឹត ប្រមូល បំផ្លាញធនធានធម្មជាតិ” នៃច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ។

ដូច្នេះ ព័ត៌មានដែលការចុះផ្សាយរបស់ RFA Khmer នាពេលកន្លងមកនេះ គឺជាព័ត៌មានក្លែងក្លាយ មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ បំភ្លើសការពិត ធ្វើឱ្យសាធារណជនមានការភណ្ឌច្រឡំ ដែលធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្ត្រីរាជការសាធារណៈ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ ជាពិសេស មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង៕

ដោយ ៖ សិលា


ចែករំលែក៖