ភ្នំពេញ៖ លេចមុខជនសង្ស័យ៣នាក់ កាច់កម៉ូតូជនរងគ្រោះម៉ាកហុងដាស្គូពីស៊េរីឆ្នាំ២០១៩បានសម្រេចហើយក៏យកទៅបាត់ ហើយដោយខ្លាចប្រជាពលរដ្ឋឃើញក៏ទុកម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុនោះវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែតុលាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកចតចោលនៅមុខផ្ទះផ្លូវឌឿងហែម កែងផ្លូវលេខ២១៩ រួចជនរងគ្រោះក៏ដើរចូលទៅក្នុងផ្ទះ។ លុះបន្តិចក្រោយមកក៏លេចមុខជនសង្ស័យជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់ ឃើញម៉ូតូជនរងគ្រោះនៅមុខផ្ទះមិនឃើញម្ចាស់ក៏ធ្វើសកម្មភាពកាច់ ក យកតែម្តង។ ក្រោយមកក៏មានយុវជនមួយក្រុមជិះរ៉ឺម៉កមក បានឃើញសកម្មភាពជនសង្ស័យទាំងនោះក៏ស្រែកឆោឡោឡើង ជាហេតុធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូជនរងគ្រោះដែលកាច់ ក បានបន្សល់ទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ។ ម៉ូតូជនសង្ស័យម៉ាក Yamaha ពាក់ស្លាកលេខខុសប្រក្រតី 1KR-6166 សង្ស័យថាម៉ូតូដែលបន្សល់ទុកនេះក៏ជាម៉ូតូលួចគេផងដែរ។រ ភ្លាមៗនោះជនសង្ស័យទាំង៣នាក់បានបើកម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងយកម៉ូតូរបស់ជនសង្ស័យយកទៅប៉ុស្តិ៍ដើម្បីស៊ើបអង្កេតតាមឃាត់ខ្លួនក្រុមជនសង្ស័យផងដែរ៕
ដោយ ៖ រ៉ារ៉ា