ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈនយោបាយ៖ រឿងច្រំដែលលើកឡើងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិប្រចាំនៅកម្ពុជា ជុំវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ន ពិតជាបានបង្ហាញនូវទស្សនៈមិនប្រាកដនិយមមួយ ដែលមិនឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមកម្ពុជា ដែលជាកត្តាបង្កើតឱ្យមានការយល់ខុស និងយល់ដឹងមិនត្រឹមត្រូវដែលប្រទេសមួយមិនអាចទទួលយកបាន។ តើសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យជាអារហារចាំបាច់នៃទេវតាបស្ចឹមប្រទេសតម្រូវឱ្យកម្ពុជាត្រូវទទួលយកទាំងដុលឬ?

សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវតែឈរលើគោលការណ៍នីតិរដ្ឋរឹងមាំ ឆ្លើយតបទៅនឹងតថភាពជាក់ស្តែងនៃសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនានៃប្រទេសកម្ពុជា។ ក្នុងទស្សនៈប្រាកដនិយមក្នុងបរិបទសង្គមខែ្មរ ដែលធ្លាប់ទទួលរងការបំផ្លិចបំផ្លាញហិនហោចស្ទើរតែទាំងស្រុងនៃហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់ផ្នែក គ្រប់វិស័យ និង ការបាត់បង់ធនធានមនុស្សដោយសារតែភ្លើងសង្រ្គាមផ្ទៃក្នុងកន្លងមក ដែលចាំបាច់ត្រូវធានាការពារ ជ្រោងទង់សន្តិភាព ស្ថិរភាពសង្គមឲ្យបានរឹងមាំ ពិសេស ការកសាង និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យបានល្អប្រសើរ គឺជាលក្ខណខណ្ឌចាំបាច់សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាមួយនេះ។ 

ក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន ការលើកច្រំដែលម្តងហើយម្តងទៀត អំពីសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ វាគ្រាន់តែជា ការតស៊ូមតិខាងនយោបាយមួយក្នុងចំណោមកម្លាំងនយោបាយក្នុងប្រទេសមួយ ដើម្បីទទួលបានអំណាចពីប្រជាជនជាម្ចាស់ឆ្នោត ដោយឈរលើមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ជាការពិតសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាគោលការណ៍គ្រឹះដើម្បីអនុវត្ត។ ក៏ប៉ុន្តែ សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ពិតជាមានចំណងទាក់ទងគ្នាជាមួយនឹងនីតិរដ្ឋ។ ដូច្នេះហើយសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋត្រឹមត្រូវ។ ប្រសិនបើ គ្មាននីតិរដ្ឋ ប្រជាធិបតេយ្យនឹងក្លាយទៅជាអាណាធិបតេយ្យ ប្រទេសលែងមានច្បាប់ សង្គមគ្មានសណ្តាប់ធ្នាប់ ឈានទៅដល់ចលាចលសង្គមដែលមិនអាចគ្រប់គ្រងបាន។

នៅពេលគេនិយាយអំពីនីតិរដ្ឋ គឺសំដៅដល់ការបង្កើតច្បាប់ និងការអនុវត្តច្បាប់ដែលតាមវចនានុក្រម សម្តេច សង្ឃរាជ ជួន ណាត បាន ពន្យល់ថា ៖ នីតិ ( ន ) មានន័យថា ច្បាប់ , ឧបាយ ជា គ្រឿង ណែនាំ , បែបផែន , ទំនៀមទម្លាប់ ប្រពៃណី ។ រដ្ឋ  ( ន ) មានន័យថា ប្រទេស , ដែន , រាស្ត្រ , ប្រជាជន ។ ក៏ប៉ុន្តែ ដើម្បីងាយយល់អំពីនិយមន័យនៃនីតិ គឺ៖ ទី ១) រដ្ឋ មានច្បាប់ ៖ នៅ កម្ពុជា អ្នក ដែលមាន សិទ្ធិផ្តួចផ្តើមគំនិត ធ្វើ ច្បាប់ គឺ រដ្ឋាភិបាល និង រដ្ឋសភា ទី ២) រដ្ឋ ដែល អនុវត្តន៍ ច្បាប់ ៖ នៅ កម្ពុជា អ្នក ដែល អនុវត្តច្បាប់ គឺ តុលាការ ។ ទី ៣) ស្មើភាព គ្នា ចំពោះមុខ ច្បាប់ មានន័យថា ការអនុវត្ត ច្បាប់ ត្រូវធ្វើ ដោយ ស្មើភាព គ្នា ដោយ មិន ប្រកាន់ វណ្ណៈ ពណ៌ សម្បុរ ជាតិ សាសន៍ សាសនា។

សូមបញ្ជាក់ថា ប្រជាធិបតេយ្យមិនមែនជាទ្រឹស្តីថ្មី ឬទម្រង់ដឹកនាំថ្មីនោះទេសម្រាប់កម្ពុជា ពីព្រោះសង្គមកម្ពុជា ក៏ធ្លាប់មានរបៀបដឹកនាំប្រទេសតាមប្រជាធិបតេយ្យផងដែរ។ ក្នុងសម័យអាណានិគមនិយមបារាំង ពិសេស ក្នុងឆ្នាំ១៩៤៧ កម្ពុជាចាប់ផ្តើមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យមួយ មិនមែនប្រជាធិបតេយ្យ ទើបតែបានកើតឡើងក្នុងឆ្នាំ១៩៩៣នោះទេ។ ក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភ ផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា «ប្រជាធិបតេយ្យ» មានន័យថា «ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី គឺប្រទេស ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនឱ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស » ។

ពាក្យថា «ប្រជាធិបតេយ្យ» ភាសាអង់គ្លេសថា «Democracy» ភាសាក្រិចមាន ២ ពាក្យថា «Demos» មានន័យថា «ប្រជាជន» និងពាក្យថា «Kratos» មានន័យថា «អំណាច» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា «អំណាចរបស់ប្រជាជន» ឬថា «ប្រជាជនជាម្ចាស់នៃអំណាច» ។

សម្រាប់បរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យ ត្រូវឈរលើនីតិរដ្ឋរឹងមាំយ៉ាងប្រាកដ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ព្រមទាំងជំនឿសាសនា ព្រមទាំងឆ្លើយទៅនឹងលក្ខណៈពិសេសនៃស្ថានភាពធ្លាក់ចុះបាក់បែកនៃសង្គមកម្ពុជាអស់ជាច្រើនទសវត្សកន្លងមក ដែលពិបាកស្តារ និងកសាងឡើងវិញ លើគ្រប់ផ្នែក គ្រប់វិស័យនៃសង្គមទាំងមូល។ ដូច្នេះហើយលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ មិនអាចត្រូវ បានប្រទេសណាមួយចាំបាច់ត្រូវចម្លង ពី ប្រទេស មួយ ទៅ ប្រទេស មួយ បាន ឡើយ » ពោល គឺ ប្រជាធិបតេយ្យអាចនឹង ឋិតឋេរ គង់វង្ស និង អភិវឌ្ឍ ស្របតាម លក្ខណៈ ដោយឡែក ទៅតាម ប្រវត្តិសាស្ត្រ នយោបាយ សង្គម សេដ្ឋកិច្ច និង ស្ថានភាព ជាក់ស្តែង នៃ ប្រទេស នី មួយ ៗ ជាចាំបាច់៕

ដោយ៖ ឡុង បូរិតា


ចែករំលែក៖